Ads Café Mr.Jungle

Thursday, August 2, 2012

ការទិញ​​ខនដូ​​សម្រាប់​​ជួលមានចំណេញច្រើន

ភ្នំពេញ៖ ក្រុមអ្នក​ជំនាញ​អចលន​ទ្រព្យ​បាននិយាយ​ថា​ប្រជាជន​ខ្មែរ​ភាគច្រើន​មិនទាន់​មានការ​ពេញនិយម​រស់នៅ​តាម​ខន​ដូនៅ​ឡើយ​ទេ ហើយការ​ទិញ​ខន​ដូរបស់​ពួកគាត់​ភាគច្រើន​គឺជាការ​វិនិយោគ​សម្រាប់​ជួល។ ដោយ​ប្រជាជន​ខ្មែរ​មិន​ទាន់ទម្លាប់​រស់នៅ​តាមខន​ដូនៅ​ឡើយ ពួកគាត់​ទិញខន​ដូភាគ​ច្រើន​គឺទុក​សម្រាប់​ជួល ដែល​ផ្ដល់ផល​ចំណេញ​ដល់​ពួកគាត់ ហើយ​រហូត​មកទល់​បច្ចុប្បន្ន​ក្នុងខនដូ​ចំនួន​១៦គម្រោង និង​មាន​ជាង​៣០០០unitលក់​បាន​ជាង​៧៥ ភាគរយ​រួចហើយ​ក្នុង​នោះ​៨០ភាគរយ​ទិញដោយ​ជនបរទេស និង​២០ភាគរយ​ទិញ​ដោយ​ជនជាតិ​ខ្មែរ។

មូលហេតុ​ដែលជន​ជាតិខ្មែរ មិន​និយម​រស់នៅ​តាមខនដូ​ដោយសារ​ពួកគាត់​ចូលចិត្ត​រស់នៅក្នុង​ភាព​ឯករាជ្យ និង​ការចំណាយ​លើការ​ថែទាំ​លើចំណែក នៃ​កម្មសិទ្ធិ​រួមមាន​តម្លៃថ្លៃ។ ប៉ុន្តែ​ខ្ញុំ​គិតថា​នៅ​រយៈ​ពេល​១០ឆ្នាំ​ខាងមុខ ឥរិយាបថ​របស់​ប្រជាជន​នឹងមាន​ការ​ផ្លាស់ប្ដូរ​នៅពេល​ដីកាន់តែ​ចង្អៀត ពួកគាត់​នឹង​រស់នៅ​តាម​ខនដូ​ដូចនៅ​តាមប្រទេស​នានា។ តម្លៃ​នាំការ​ថែទាំទៅ​លើចំណែក នៃ​សហកម្មសិទ្ធិ​រួម​មាន​ចន្លោះ០.៥០​ដល់​១ដុល្លារ​ក្នុង​មួយម៉ែត្រ​ការ៉េ។




ការ​ទិញ​ខនដូ​សម្រាប់​ជួលមានផលចំណេញ​ជាង​ការ​វិនិយោគ​ទៅលើ​ផ្ទះល្វែង ឬ​វីឡា ប៉ុន្តែ​បើគិត​ពីការ​ទិញ​ដើម្បី​លក់ គឺការ​ទិញផ្ទះ​ល្វែង ឬ​វីឡា​មានភាព​ចំណេញ​ខ្ពស់​ជាង ប្រសិន​ជា​ស្ថានភាព​សេដ្ឋកិច្ច​មានដំណើរការ​ល្អដូច​គ្នា។ ដូចគ្នា​នឹងការ​លើក​ឡើង​ខាង​លើ ដោយប្​រជាជន​ខ្មែរ​ភាគច្រើន​រហូតដល់​៩៥ភាគរយ​ទិញខន​ដូ គឺ​ទុក​សម្រាប់​ជួលឲ្យ​ជនបរទេស ដោយសារ​ពួកគាត់​ចូលចិត្ត​រស់នៅ​ផ្ទះ​មានភាព​ដាច់ៗពីគ្នា ប៉ុន្តែ​បើនិយាយ​អំពី​ការ​វិនិយោគ​លើ​ខនដូ ការ​ទទួល​បាន​ប្រាក់​ពីការ​ជួលត្រលប់​មកវិញ​ក្នុងចន្លោះ​១០ទៅ​១២ភាគរយ គឺ​ជាការ​វិនិយោគ​សមរម្យ​បំផុត។ ឧទាហរណ៍​ថា ប្រសិន​ជាផ្ទះ​មានតម្លៃ១០០.០០០ដុល្លារ​អាច​ជួលបាន​៦០០ ​ទៅ៧០០ដុល្លារ​ក្នុងមួយខែ​គឺជាការ​វិនិយោគ​ល្អ ប៉ុន្តែ​បើ​តម្លៃផ្ទះ​មាន​រហូត​ដល់​៣០០.០០០ដុល្លារ និង​បានទទួល​ផល​ត្រឹម១.០០០ ទៅ១.៥០០ដុល្លារ​ក្នុងមួយ ខែ​វាមិនមែន​ជាការ​វិនិយោគ​ល្អនោះ​ទេ។


ការ​ធ្វើអង្កេត​កន្លង​មកបាន​រកឃើញថា មិនសូវ​មាន​តម្រូវការ​ខនដូ​ច្រើន​នោះទេ ដោយសារ​ខនដូ​នៅ​កម្ពុជា មិនទាន់​មាន​សេវាកម្ម​ល្អ និង​មាន​ស្តង់ដារ​អន្តរជាតិ​នៅឡើយ​ទេ។ ខនដូ​ភាគច្រើន​មិនសូវ​មានការ​ជួលពេញៗ​នៅឡើយ​ទេ ដូចជា Rose condo គាត់​សាងសង់ និង​រចនា​តាម​របៀបចិន ការ​រៀប​ចំបែប​អឺរ៉ុប និង​ស្តង់ដារ​អន្តរជាតិ​មិនទាន់​មាននៅ​ឡើយទេ។


ការ​កសាង និង​រៀបចំ​រចនា​សម័្ពន្ធខន​ដូបែប Western គឺមាន​ការ​ពេញនិយម​ទាំង​ជនជាតិ​ចិន អឺរ៉ុប និង​ជនជាតិ​ផ្សេងៗទៀត​ចង់​រស់នៅ។ នេះបើ​តាមការ​អះអាង​របស់​លោក​រាត្រី។


លោកស៊ឹង ប៊ុណ្ណា ប្រធាន​សមាគម​វាយតម្លៃ​អចលន​ទ្រព្យ​កម្ពុជា​បានមាន​ប្រសាសន៍​ថា ប្រជាជន​ខ្លះ​ពេល​គាត់​ទិញរួច គាត់​បាន​ចូលទៅ​រស់​នៅតាម​ខនដូ​ផង​ដែរ ដោយ​ក្នុង​ចំណោម​អ្នក​ទិញ​ខនដូ​ប្រមាណ​១០០នាក់ មាន៣០​នាក់​ចូល​ទៅរស់​នៅខ្លួន​ឯង ក្រៅ​ពីនោះ​កាន់កាប់​ដោយ​ជនបរទេស ។ លោក​បន្តថា ការ​វិនិយោគ​ទៅលើ​ខនដូ និង​ការទទួល​បានប្រាក់​ត្រលប់​មកវិញ​ក្នុង​ចន្លោះ​ ៦ទៅ​៧ភាគរយ​នៃទឹក​ប្រាក់​វិនិយោគ​ក្នុង​មួយខែ គឺអាច​ល្អផង​ដែរ ។


លោកបន្តថា “ទោះ​ជា​យ៉ាងណា​ហេដ្ឋារចនាសម្ព័ន្ធ​ខនដូ​របស់​យើង​មិនអាច​ធៀប​ជាមួយ​ប្រទេស​ជិតខាង​យើង ដូចជា​ប្រទេសថៃ​បាន​នៅឡើយ​ទេ ដោយ​សារ​គេមាន​បទ​ពិសោធន៍​លើវិស័យ​នេះច្រើន​ជាង​យើង និង​យូរ​ជាង​យើង” ៕


បញ្ចូលដោយ ៖ កុយរដ្ឋា
ចេញផ្សាយ ៖ ០២/០៨/២០១២
សូមចូលរួម​បញ្ចេញ​មតិចំពោះ ៖  ការទិញ​​ខនដូ​​សម្រាប់​​ជួលមានចំណេញច្រើន