Ads Café Mr.Jungle

Friday, June 15, 2012

អត្តពលិកកម្ពុជា៦រូប​ត្រៀមទៅអូឡាំពិក ទីក្រុងឡុងដ៍


Photo by DAP-News 
ភ្នំពេញៈ សម្រាប់​ព្រឹត្តិការណ៍​កីឡាអូឡាំពិករដូវក្តៅ ឆ្នាំ២០១២ នាទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស កម្ពុជាយើង មាន៤ប្រភេទ កីឡាក្នុងនោះមាន អត្តពលិក ចំនួន៦នាក់ កំពុងតែត្រៀមខ្លួន ទៅចូលរួមប្រកួត។ លោក​វ៉ាត់​ចំរើន​អគ្គ​លេខាធិការ​គណៈ​កម្មាធិការ​ជាតិអូឡាំពិកកម្ពុជា (NOCC) បាន​ប្រាប់​ឱ្យ​ដឹងថា​ក្នុងការ​ចូលរួម​ព្រឹត្តិ​ការណ៍​ពិភព​លោកនារ​ដូវកាល​នេះ​ខាង​កម្ពុជា​យើង​មាន៤​ប្រភេទ​កីឡា គឺ​ហែលទឹក​អត្តពលកម្ម​តេក្វាន់ដូ និង​ចុង​ក្រោយ​គឺយូដូ បន្ទាប់​ពីបាន​ទទួល ការ​អនុគ្រោះ (Wild-Card) សម្រាប់​កីឡា​តេក្វាន់ដូ ពេល​នេះកម្ពុជា​បាន​ទទួល ការ​អនុគ្រោះ​សម្រាប់ កីឡា​យូដូ​មួយ​រូប​ទៀត​ហើយ ។ 

បន្ទាប់ពីធ្វើការពិចារណាមួយរយៈមក​សហព័ន្ធ​កីឡា​យូដូអន្តរជាតិ និងគណៈកម្មាធិការ អូឡាំពិកអន្តរជាតិ បានផ្ដល់ការអនុគ្រោះ ដល់កីឡាករយូដូ កម្ពុជា ដែលមានឈ្មោះ សុខុម រតនមុន្នី សម្រាប់ការចូលរួមប្រកួត កីឡាអូឡាំពិក នៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ។

លោកបានបញ្ជាក់បន្ថែមថា បើយើងអន់ខ្លាំងពេក ក៏គេលំបាកនឹងផ្ដល់ការ អនុគ្រោះឱ្យ ណាស់ដែរ តែនេះយើងមាន សមត្ថភាពគ្រាន់បើដែរ ទើបបាន ទទួល Wild-Card បែបនេះ ដែល សុខុម រតនមុន្នី ប្រកួតក្នុងប្រភេទ ទម្ងន់ពី ៥០គីឡូក្រាម ទៅ ៦០គីឡូក្រាម ហើយកីឡាករ រូបនេះក៏ជាម្ចាស់ មេដាយ សំរឹទ្ធ ដែរកាលពី SEA Games ទី២៦ នៅប្រទេសឥណ្ឌូនេស៊ី នាឆ្នាំ២០១១ផងដែរ ។
សូមបញ្ជាក់ថា អត្តពលិកទាំង៦រូបនោះមាន កីឡាករ ហែម ថុនពន្លឺ និងកីឡាការិនី ហែម ថុនវិទីនី (ហែលទឹក ៥០ម៉ែត្រដោយសេរី), កីឡាការិនី ស៊ន ដាវីន (តេក្វាន់ដូ), កីឡាករ គៀង សាម៉ន និងកីឡាការិនីចាន់ សីហា (អត្តពលកម្ម) និងចុងក្រោយគឺកីឡាករ សុខុម រតនមុន្នី (យូដូ) ៕
បញ្ចូលដោយ ៖ កុយរដ្ឋា
ចេញផ្សាយ ៖ ១៣/០៦/២០១២
ប្រភព ៖ ដើមអំពិល
សូមចូលរួម​បញ្ចេញ​មតិចំពោះ ៖  អត្តពលិកកម្ពុជា៦រូប​ត្រៀមទៅអូឡាំពិក...