
សាលារាជធានីភ្នំពេញ បានសម្រេចឲ្យស្ថាបនាកែលម្អមាត់ប្រឡាយបង្ហូរលូទឹកស្អុយ ពីប្រឡាយមេបឹងសាឡាងរហូតដល់ស្ថានីយបូមទឹកបឹងទំពុន ប្រវែង ៤៩៦០ម៉ែត្រ ដោយមានពង្រីកមាត់ប្រឡាយស្ថាបនាជាសួនច្បារ នាពេលខាងមុខនេះ។ បើយោងតាមគេហទំព័រសាលារាជធានីភ្នំពេញ។នៅក្នុងកិច្ចប្រជុំមួយ របស់សាលារាជធានីភ្នំពេញ ឯកឧត្ដម កែប ជុតិមា អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា គម្រោងកែលំអប្រឡាយបង្ហូរទឹកមានសារៈសំខាន់ក្នុងការចូលរួមចំណែកលើ
ស្ទួយសង្គមជាតិ និងជួយប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្ដោយប្រឡាយនានា ឲ្យមានការរស់នៅស្អាត និង ប្រកបដោយ សោភ័ណភាពស្រស់បំព្រងផងដែរ ។
ចំពោះការស្ថាបនាសួនច្បារមាត់ប្រឡាយនេះ ត្រូវបានឯកឧត្ដមអភិបាលលើឡើងថា ក្នុងគោលបំណងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយផ្លូវនោះថា ប្រឡាយជាច្រកចេញ-ចូលក្នុងការសង្គ្រោះបន្ទាន់ នៅពេល មានអគ្គិភ័យជាដើម។ ម្យ៉ាងវិញទៀតក៏ដើម្បីការថែរក្សាសួនក្នុងបរិវេណផ្ទះបៃតង ដែលជាផ្នែកមួយសម្រាប់លម្អទីក្រុង និងស្រូបយកជាតិពុលពីទឹកស្អុយ កាត់បន្ថយកម្រិតសំរាម និងអាចលើកទឹកចិត្តដល់ប្រជាពលរដ្ឋកុំឱ្យចោលសំរាម និង ដើម្បីទប់ស្កាត់មិនឲ្យមានសំណង់បណ្ដោះអាសន្នអនាធិបតេយ្យរំលោភតាមមាត់ប្រឡាយបន្តទៀត។




មន្ត្រីការិយាល័យនគរោបនីយកម្ម បានបញ្ជាក់ក្នុងកិច្ចប្រជុំនោះថា ប្រឡាយមេបឹងសាឡាងចាប់ពី អាងស្តុកទឹកបឹងសាឡាង ដល់ស្ថានីយបូមទឹកបឹងទំពុនមានប្រវែង ៤៩៦០ម៉ែត្រ ក្នុងនោះ ប្រឡាយចាប់ពីផ្លូវលេខ ៣៣៦ ដល់ស្ថានីយបូមទឹក បឹងទំពុនត្រូវបានស្ដារ និងស្ថាបនារួចរាល់ដោយគម្រោងរបស់ JICA ដែលកំណាត់ប្រឡាយនេះ មានទំហំទទឹងធំ ប្រវែង ១.៣១១ម៉ែត្រ។
មន្ត្រីបានបន្ថែមថា បើយោងតាមការសិក្សា ការសាងសង់ប្រឡាយនេះនឹងត្រូវបែងចែកជា ៥ដំណាក់កាល ដោយសារប្រឡាយមេមួយនេះ មានប្រវែងវែង ហើយស្ថានភាពតាមបណ្ដោយមាត់ប្រឡាយ មានភាពប្រែប្រួល ខុសស្ថានភាពគ្នា ពីទីតាំងមួយ ទៅទីតាំងមួយទៀត។ ចំពោះការស្ថាបនានេះ ចំណាយអស់ថវិកាប៉ុន្មាននោះ គេហទំព័រសាលារាជធានីមិនបានបញ្ជាក់នោះទេ៕
អត្ថបទ៖ ដកស្រង់ចេញពី www.sabay.com.kh
បញ្ចូលដោយ ៖ កុយ រដ្ឋា
ចេញផ្សាយ ៖ ១៣/០៦/២០១២