Ads Café Mr.Jungle

Monday, June 11, 2012

តើខ្ញុំ​គួរ​ជ្រើស​រើសមុខ​ជំនាញ​វិស្វកម្ម​មួយណា? ភាគ១

មុខជំនាញវិស្វកម្មគឺជា​មុខជំនាញ​មួយ​ដែល​មិន​អាច​ខ្វះ​បាន​ដើម្បី​ចូលរួម​ចំនែក​អភិវឌ្ឍ​ន៏​ប្រទេស ជាតិ។ នៅ​ប្រទេស​កម្ពុជា​យើងមាន​សិស្ស​ និស្សិត​មិន ច្រើនទេ​ ដែល​ចាប់អារម្មណ៍​និង​យល់ដឹង​អំពី​មុខ ជំនាញ​​នេះ។ នេះ​ប្រហែល​មកពី​ការ​យល់​ដឹងពី​មុខ​ជំនាញ​​នេះ​មាន​កម្រិត និង​បញ្ហា​ទីផ្សារ ការងារ។ មុខ​ជំនាញ​វិស្វកម្ម គឺជា​មុខវិជ្ជា​ដ៏ទូលំទូលាយ​ដែល​ត្រូវបាន​គេចែកជា​ជំនាញ​ជាច្រើនទៀត​ ដូចជា វិស្វកម្ម​សំណង់​ស៊ីវិល វិស្វកម្ម​កុំព្យូទ័រ វិស្វកម្ម​អេឡិចត្រូនិក។ល។ គំនិត​បាន​សរសេរ​២អត្ថ​បទ​មក​ហើយ​ដែល​ទាក់​ទង​ទៅ​នឹង​វិស្វកម្មនេះ គឺ តើ​អ្នក​គួរចាប់​យក​មុខជំនាញ​វិស្វកម្ម​ដែរ ឬទេ? និង​អ្វីជាវិស្វកម្ម?

ថ្ងៃនេះ ដើម្បី​អោយ​និស្សិត​ដែល ​មាន​ចំណាប់​អារម្មណ៍​ចង់​រៀន​នូវ​មុខជំនាញ​នេះ​ យល់​អោយ​កាន់តែ​ច្បាស់​ថា​តើ ប្រភេទ វិស្វកម្ម​ណា​ណាមួយ​ដែល​ស័ក្តសម​សម្រាប់​ពួក​គេនោះ គំនិត​នឹង​លើក​យកប្រធាន​បទ​នេះ​មកបកស្រាយ​ត្រួស​ៗនៅក្នុង​អត្ថបទ​នេះ។

វិស្វកម្មសំណង់ស៊ីវិល
មុខវិជ្ជានេះ​គឺជា​មុខ​ជំនាញ​ដែល​មានប្រជាប្រិយភាព​ជាង​គេក្នុង​ចំណោម​វិស្វកម្ម​ទាំង​អស់។ បន្ទាប់​ពី​បាន​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​វិស្វកម្ម​សំណង់​ស៊ីវិល​ហើយ និស្សិតមាន​សមត្ថភាព៖
  • ប្រើប្រាស់​ចំណេះដឹង​មូលដ្ឋាន​ដែល​បាន​សិក្សានៅក្នុង​មហាវិទ្យាល័យធ្វើការរចនា និងមើលការខុស​ត្រូវ​រាល់​ការសាងសង់​ដូចជា ផ្លូវថ្នល់ អគារ ព្រលានយន្តហោះ ផ្លូវ​ក្រោម​ដី វារីអគ្គិសនី ស្ពាន ប្រព័ន្ធ​ធារាសាស្ត្រ ។ល។
  • មាន​សមត្ថភាព​ក្នុង​ការ​វិភាគនូវ​រាល់​កត្តា​ផ្សេងៗ​ដែល​អាច​ប៉ះពាល់​ដល់គម្រោង ដូចជា​រយៈពេល​នៃគម្រោង តម្លៃ ច្បាប់រដ្ឋ និង​សក្តានុពល​នៃ​គ្រោះ​ធម្មជាតិជាដើម។
  • មានឱកាស​ធ្វើការ​នៅ​ក្នុង​ក្រុមហ៊ុន​សំណង់​ និង ស្ថាប័ន​ផ្សេងៗ​ដែលទាក់ទងហើយ​មាន​តួនាទីជា​​អ្នករចនាគម្រោង អ្នក​ត្រួតពិនិត្យ​សំណង់ ស្រាវជ្រាវ និង​បង្រៀន។ល។
វិស្វកម្មអគ្គិសនី និងអេឡិចត្រូនិក
មុខជំនាញ​វិស្វកម្មនេះ​គឺជាមុខជំនាញ​ដែល​ពិបាក​ជាង​គេ​មួយ​ក្នុង​ចំណោម​មុខជំនាញ​ទាំង​អស់។ និស្សិត​គ្រប់​ត្រូវ​មាន​ចំណេះ​ដឹង​ផ្នែក​គណិត​ ​រូបវិទ្យា​(អគ្គិសនី) និងគីមីវិទ្យា អោយ​បាន​សមរម្យ​ដើម្បី​សិក្សា​មុខជំនាញ​នេះ​អោយ​បាន​ទទួល​ជោគជ័យ។ ក្រោយ​ពី​បញ្ចប់ថ្នាក់​បរិញ្ញាបត្រ​វិស្វកម្ម​អគ្គិសនី និង​អេឡិចត្រូនិក​ហើយ និស្សិតមានសមត្ថភាព៖
  • ធ្វើការ រចនា អភិវឌ្ឍន៍ តេស្ត និង​ត្រួត​ពិនិត្យ​រាល់ការ​ផលិត​ផលិតផល​អគ្គិសនីផ្សេងៗ ដែលមាន​ដូចជា​ម៉ូទ័រ ប្រព័ន្ធ​អគ្គិសនី​ក្នុង​អគារ រ៉ាដា និង​ប្រព័ន្ធ​មើលគោលដៅ(Navigation System) ប្រព័ន្ធ​ទំនាក់ទំនង ម៉ាសីនភ្លើង និង​ប្រព័ន្ធ និង​ឧបករណ៍​ផ្សេងៗទៀត​ដែល​មាន​ទំនាក់​ទំនង​នឹង​អគ្គិសនី។
  • ធ្វើការច្នៃ​ប្រឌិត​បច្ចេក​វិទ្យាថ្មីៗ ដែលមាន​ដូចជា ម៉ាស៊ីន​ចាក់​បទចម្រៀង(Music Player) ប្រព័ន្ធ​ស្វែង​រកទីតាំង(Global Position System) និង​គ្រឿង​អេឡិចត្រូនិក​ជាច្រើនទៀត។
  • វិស្វករ​អគ្គិសនី និងអេឡិចត្រូនិក​ខ្លះ​ក៏​អ្នក​ផលិត​ឧបករណ៍​ផ្នែក​រឹង​របស់​កុំព្យូទ័រ​ផងដែរ។
  • បន្ទាប់ពី​បានចប់​ពី​មហាវិទ្យាល័យ និស្សិតអាចធ្វើការ​នៅ​ក្នុង​រៀង​ចក្រ​ផលិត​គ្រឿង​អេឡិចត្រូវនិក​ផ្សេងៗ ព្រមទាំង​តាម​បណ្តា​ស្ថាប័ន​ដែល​ពាក់​ព័ន្ធ។
វិស្វកម្ម​បរិស្ថាន
សម្រាប់​មុខវិជ្ជានេះ​ និស្សិត​មាន​តម្រូវការ​ចំណេះ​ដឹង​មូលដ្ឋាន​គ្រឹះ​ដូចជា គីមី ជីវវិទ្យា គណិត​វិទ្យា និង​រូប​វិទ្យា​ខ្លះៗ​ផងដែរ។ បន្ទាប់​ពី​បាន​សិក្សា​ចប់​មុខវិជ្ជានេះនិស្សិត​អាច៖
  • ប្រើប្រាស់​ចំណេះ​ដឹង​មូលដ្ឋានគ្រឹះ​នៃ​ជីវវិទ្យា និង​គីមី​វិទ្យា ដើម្បី​ដោះ​ស្រាយ​រាល់​បញ្ហាបរិស្ថាន​ដែល​កើតមាន ដែល​មាន​ដូចជា​ រៀបចំ​ប្រព័ន្ធ​គ្រប់គ្រង​ទឹក​ និង​ខ្យល់​កខ្វក់ ការ​កែច្នៃ​ឡើង​វិញ​នូវ​កាក​សំណល់​ផ្សេងៗ និង​ដោះស្រាយ​បញ្ហា​សុខភាពសាធារណៈ។
  • វិស្វករបិរស្ថាន​គឺមាន​សមត្ថ​ភាពបង្កើត​ប្រព័ន្ធ​សម្អាត​ទឹកកខ្វក់ ធ្វើការ​សិក្សា​ស្រាវ​ជ្រាវ ​និង​វាយ​តម្លៃ និង​ដោះស្រាយ​ពី​ផល​ប៉ះពាល់​នានា​ដែល​អាច​កើត​មាន​ឡើង​ពី​ការ​សាង​សង់​សំណង់ផ្សេងៗ ផល​ប៉ះពាល់​ដែលកើត​ឡើង​ពី​ធម្មជាតិ(​ដូចជា ភ្លៀងអាស៊ីត កំណើន​កំដៅ​ផែនដី)ធ្វើការ​វិភាគ​ទិន្នន័យ​ ។ល។
  • បន្ទាប់​ពី​បាន​ក្លាយ​ជា​វិស្វករបរិស្ថាន និស្សិត​អាច​ធ្វើ​ការ​នៅ​តាម​ស្ថាប័ន​រដ្ឋ អង្គការនានា ដែលមានតួរនាទី​ជា​អ្នក​ដោះ​ស្រាយ​បញ្ហា​បរិស្ថាន​នានា ឬ​ក៏​អាច​ធ្វើ​ជា​អ្នកស្រាវជ្រាវតាម​ស្ថាប័ន ឬ​មហាវិទ្យាល័យ​ ព្រមទាំង​អាចធ្វើ​ជា​គ្រូ​បង្រៀន​ផងដែរ។
សម្រាប់ អត្ថបទ​បន្ត នឹង​ធ្វើ​ការ​ចុះ​ផ្សាយ​នៅ ថ្ងៃទី១៣/០៦/២០១២។ សូមកុំភ្លេចមកតាមដាន​ជាមួយ​នឹង​Artist Design!

អត្ថបទដោយ ៖ កុយរដ្ឋា
ចេញផ្សាយ ៖ ១២/០៦/២០១២

សូមចូលរួម​បញ្ចេញ​មតិចំពោះ ៖  តើខ្ញុំ​គួរ​ជ្រើស​រើសមុខ​ជំនាញ​វិស្វកម្ម​មួយណា? 
វិធាន ​នៃ​ការ​បញ្ចេញ​ មតិ