Ads Café Mr.Jungle

Monday, June 11, 2012

និមិត្តរូប​នាគ​ក្នុង​ស្ថាបត្យកម្ម​ខ្មែរ


នាគ​ជា​សត្វ​ដ៏​អស្ចារ្យ​មួយ​ដែល​យើង​ធ្លាប់តែ​ឮ​ក្នុង​រឿងព្រេង​និទាន​និង​ ទេវ​កថា​ប៉ុណ្ណោះ ។ ក្នុង​ទេវ​កថា ប្រវត្តិ​កំណើត​នាគ​មាន​ដូចតទៅ :1. នាគ​សេសៈ​ឬ​អនន្ត​:​ឬ​វា​សុគិ​: ជា​សត្វ​នាគ​ដែល​មាន​ដើមកំណើត​ពី​ការ​ផ្គុំ​ធាតុ​កើតឡើង​ឯងៗ មាន​ជីវិត​អមតៈ​មាន​កំណើត​នៅ​ឋាន​ទេវលោក ។2. នាគ​មុជ្ជ​លិនៈ​នាគ​មុជ្ជ​លិន មាន​ដើមកំណើត​នៅ​បាត​ស្ទឹង​ហិរញ្ជៈ​ជានាគ​ដែល​តែងតែ​ផ្ដល់​សេចក្ដីសុខសាន្ត​ ដល់​មនុស្ស​លោក​ទាំងឡាយ និង​បាន​ជួយ​ធ្វើ​ជា​ទម្រ​ឲ្យ​ផុត​អំពី​ទឹកភ្លៀង​ជន់​ជោរ និង​បាន​បើក​ពពារ​ប្រក់​ការពារ​ទឹកភ្លៀង​ព្រះ​សុទ្ធោទនៈ​ដើម្បីឲ្យ​ព្រះអង្គ ​បាន​ត្រា​ស់ជា​ព្រះសម្មាសម្ពុទ្ធ ។3. នាគ​កាល្យៈ នាគ​កាល្យ មាន​ដើមកំណើត​ចន្លោះ​ឋាន​ទេវលោក និង​ឋាន​មនុស្ស​លោក ។ នាគ​នេះ​មាន​លំនៅ នៅ​បាតសមុទ្រ ។

4. នាគ​ពិរុណ​នាគ​: ពិរុណ​នាគ មាន​អាយុ​វែង​ឥត​ព្រំដែន​កំណត់​ជា​ស្ដេច​ដែល​គ្រប់គ្រង​ពិភពនាគ​នៅ​បាតាល​ លោក ។ចម្លាក់​សត្វ​នាគ​នៅក្នុង​សិល្បៈ​របស់​ខ្មែរ​មាន​តម្លៃ​ជា​និមិត្តរូប​ទាំង ​នៅក្នុង​ព្រះពុទ្ធសាសនា​និង​ព្រាហ្មណ៍​សាសនា ។ ប្រជាជន​យើង​ចាត់ទុក​​ថា​ខ្មែរ​ទាំងអស់​មានអំបូរ​ពិតប្រាកដ​របស់​ខ្លួន​គឺ អំបូរ​នាគ ។ បឋម​រាជ​នី​របស់​ខ្មែរ គឺ​ព្រះ​នាង​សោមា ឬ​នាងនាគ​ដែល​ជា​ជនជាតិ​អំបូរ​នាគ ។ ចំណេរ​ត​មក​ប្រជាជន​ខ្មែរ​យើង​បាន​ភ្ជាប់​ជាតិ​សាសន៍​របស់ខ្លួន​ទៅ​ជា​ពូជ​ នាគ គឺ​ពិរុណ​នាគ​នេះឯង។ ចាប់ពីពេលនោះ​មក​សំណង់​ស្ថាបត្យកម្ម​ទាំងឡាយ​របស់​ខ្មែរ​តែងតែ​មាន​ការ​ រចនា​លម្អ​ទៅដោយ​ក្បាច់​នាគ​យ៉ាង​ល្អ​វិចិត្រ​ដែល​មិន​អាច​មាន​ស្នាដៃ​ណា​ អាច​ប្រៀបផ្ទឹម​បានឡើយ ហើយ​ជា​និមិត្តរូប​នៃ​ពូជ​ពង្ស​សាវតារ​ខ្មែរ​គឺ​អំបូរ​នាគ​នេះឯង ។នៅ​តាម​ប្រាសាទ​បុរាណ​យើង​តែងតែ​ឃើញ​មាន​ការ​រចនា​លម្អ​ដោយ​ក្បាច់​នាគ​ បង្កាន់ដៃ​នា​គ​ដែល​ជា​ស្ពាន​ឥន្ទធនូ​ត​ភ្ជាប់​ទៅ​ឋាន​ទេវលោក ។ នាគ​ជា​យានជំនិះ​របស់​ព្រះ​ភិរុណ​តំណាង​ឲ្យ​ទឹក​ភៀ​ង​ដែល​ផ្ដល់​ ភាពត្រជាក់ត្រជុំ និ​ង​ផ្ដល់​ផល​កសិកម្ម ។ ក្នុង​ប្រវត្តិ​ចម្លាក់​សត្វ​នាគ​សិល្បករ​ខ្មែរ​ច្រើន​បង្ហាញ​ក្រោម​ទម្រង់​ ជា​នាគ​ក្បាល ១ នាគ​ក្បាល ៣ នាគ​ក្បាល ៥ នាគ​ក្បាល ៧ និង​នាគ​នាគ​ក្បាល ៩ ។ ចំពោះ​នាគ​ក្បាល​គូ​ជា​នាគ​ឈ្មោះ​កាល្យ​ដែល​ត្រូវបាន​សម្លាប់​ដោយ​ព្រះ​ វិស្ណុ ។ សិល្បករ​ខ្មែរ​រចនា​ចំនួន​ក្បាល​នាគ​ខុសៗ​គ្នា​ទៅ​តាម​និមិត្តរូប​ ដូចខាងក្រោម ៖


  • នាគ​ក្បាល​ប្រាំ ៖ នៅ​ក្នុងព្រាហ្មណ៍​សាសនានាគក្បាលប្រាំតំណាងឲ្យទិសទាំងប្រាំគឺ​ទិស​ខាងកើត​ឬ​ បុព្វវិទេហៈ ទិស​ខាងលិច​ឬ​ឧ​បរ​គោ​យានៈ ទិស​ខាងជើង​ឬ​ឧត្តរ​គរុទិស​ខាងត្បូងឬ​ជម្ពូ​ទ្វីប និង​ទិស​កណ្ដាល​ឬ​ព្រហ្មចារ្យ​: ។ ទិស​ទាំង​ប្រាំ​នេះ​ជា​ទិស​នៃ​ទន្លេ​សួគ៌​ទាំង​ប្រាំ គឺ​ទន្លេ​គង្គា​ទន្លេ​ឥ​ណ្ឌុ ទន្លេ​យាមា​ណា ទន្លេ​ព្រហ្ម​បុត្រ និង​ទន្លេ​ស​រស្វតី ។ ឯ​នៅក្នុង​ព្រះពុទ្ធសាសនា​វិញ​នាគ​ក្បាល​ប្រាំ​តំណាង​ឲ្យ​ព្រះ​ជិនស្រី​ទាំង ​ប្រាំ​អង្គ​គឺ​ព្រះ​ក​ស្សបៈ ព្រះ​កុស​ន្ធោ ព្រះ​កោ​នាគ​មនោ ព្រះ​សមណ​គោត្ត​ម និង​ព្រះសិអារ្យ​មេត្រី ។ ក្បាល​ទាំង​ប្រាំ​តំណាងឲ្យប​ច្ច​សីល​ដែល​មនុស្ស​កើតមក​ត្រូវតែ​ប្រតិបត្តិ ។
  • នាគ​ក្បាល​ប្រាំពីរ ៖ ទាំង​ក្នុង​ព្រះពុទ្ធសាសនា និង​ព្រាហ្មណ៍​សាសនា​នាគ​ក្បាល ៧ តំណាង​ឲ្យ​ពិភព​ចក្រ​វា​ឡ​ទាំង​ប្រាំពីរ​គឺ​ព្រះ​ច័ន្ទ ព្រះ​អង្គារ ព្រះ​ពុធ ព្រះ​ព្រហស្បតិ៍ ព្រះ​សុក្រ ព្រះ​សៅរ៍ និង​ព្រះអាទិត្យ ដែល​ជា​អាទិទេព​គ្រប់គ្រង​មហាសមុទ្រ​ទាំង ៧ និង​ភ្នំ​ទាំង ៧ ដែល​មានឈ្មោះ​ថា សីទន្តរ​សត្តបរិភណ្ឌ ។ ដូចនេះ​ចម្លាក់​នាគ​ក្នុង​ស្ថាបត្យកម្ម​សំណង់​ខ្មែរ​មាន​នាទី​យ៉ាង​សំខាន់​ ទាំង​អន្ថន័យ​និង​សម្រស់ ។ គេ​ប្រើ​ចម្លាក់​នាគ​នៅ​អម​សងខាង​ផ្លូវ​ទៅ​កាន់​ប្រាសាទ​ឬ​វត្ត​អារាម​ដែល​ តំណាង​ឲ្យ​ពូជសាសន៍​ខ្មែរ​ជា​សម្បត្តិ​របស់​ខ្មែរ​តំណាង​ឲ្យ​ផ្លូវ​ទៅ​កាន់​ ទេវលោក​ដែល​នាំមក​នូវ​ភាព​ចម្រុងចម្រើន​ត្រជាក់ត្រជុំ​ជា​រៀង​រហូត​ត​ទៅ ៕
  • នាគ​ក្បាល​មួយ ៖ គេ​និយម​ឆ្លាក់​នាគ​ក្បាល​មួយ​ដាក់​នៅ​លើដំបូល​ព្រះវិហារ​វត្ត​អារាម​ដំណាក់ ​ស្ដេច ឬ​លំនៅឋាន​របស់​អាទិទេព ។ នាគ​ក្បាល​មួយ​ជា​និមិត្តរូប​ពិសេស​: មានន័យ​ថា​អ្វីៗ​នៅក្នុង​លោក​ដែល​រលាយ​សាបសូន្យ​ទៅ​នោះ​នៅសល់​តែ​សេស​: មួយ​គត់​ដែល​មាន​ជីវិត​អមតៈ​នាំមក​នូវ​ជ័យជំនះ​និង​សុភមង្គល ។
  • នាគ​ក្បាល​បី ៖ នៅក្នុង​ព្រាហ្មណ៍​សាសនា​នាគ​ក្បាល​បី​តំណាង​ឲ្យ​លទ្ធិ​ត្រី​ម៌ូតិ​ដែល​ ក្បាលកណ្ដាល​តំណាង​ឲ្យ​ព្រះ​សីវៈក្បាល​ខាងស្ដាំ តំណាង​ឲ្យ​ព្រះព្រហ្ម​និង​ក្បាល​ខាងឆ្វេង​តំណាង​ឲ្យ​ព្រះ​វិ​ស្ណុ ។ ម្យ៉ាងទៀត ក្បាល​ទាំងបី ក៏​តំណាង​ឲ្យ​ឋាន​ទេវលោក ឋាន​បាតាល​លោក និង​ឋាន​មនុស្ស​លោក​ផងដែរ ។ ឯ​ក្នុង​សំណង់​ព្រះពុទ្ធសាសនា​វិញ​ក្បាល​នាគ​នៅ​កណ្ដាល​តំណាង​ឲ្យ​ព្រះ​ ពុទ្ធអង្គ​ក្បាល​នាគ​ខាងស្ដាំ​តំណាង​ឲ្យ​ព្រះធម៌ និង​ក្បាល​នាគ​ខាងឆ្វេង​តំណាង​ឲ្យ​ព្រះសង្ឃ ។
  • នាគ​ក្បាល​ប្រាំបួន ៖ នាគ​ក្បាល​ប្រាំបួន​តំណាងឲ្យ​អំណា​ចចក្រ​វាឡ​និង​អំណាច​នៃ​ភាព​អមតៈ​ទាំង ៩ ប្រការ គឺ ៖
 អំណាច​អមតៈ នៃ​ផ្គរ​រន្ទះ​ប្រចាំ​ទិសខាងកើត អំណាច​អម​តៈនៃ​ព្រះ​អគ្គី​ប្រចាំ​ទិសអាគ្នេយ៍ អំណាច​អមតៈ តំណាង​ឲ្យ​ច្បាប់នីតិ​តុលាការ​ប្រចាំ​ទិស​ខាងត្បូង​អំណាច​អម​តៈនៃ​ខ្មោច​ ព្រាយ​បិសាច​ប្រចាំ​ទិស​និរតី អំណាច​អម​តៈនៃ​ភ្លៀង​ប្រចាំ​ទិស​ខាងលិច អំណាច​អមតៈ នៃ​ខ្យល់​ប្រចាំ​ទិស​ពាយព្យ អំណាច​អមតៈ នៃ​ទ្រព្យសម្បត្តិ​និង​សោភ័ណភាព​ប្រចាំ​ទិសឧត្តរ អំណាច​អម​តៈនៃ​ការដុត​រំលាយ​លោក​ប្រចាំ​ទិសឦសាន និង​អំណាច​អមតៈ​នៃ​ព្រហ្មចារ្យ​ការគ្រប់គ្រង​លោក និង​ការការពារ​ថែរក្សា​លោក ។ ចំពោះ​ចម្លាក់​នាគ​ដែល​មាន​ក្បាល​បែរ​ទាំងសងខាង គឺ​ក្បាល​ខាង​មុខ​តំណាង​ឲ្យ​ការកើត ក្បាល​បែរ​ទៅក្រោយ​តំណាង​ឲ្យ​ការស្លាប់​ដែល​ជា​ដំណើរ​វិល​ទៅ​​វិល​មក​ក្នុង​ វាលវដ្ដសង្សា​របស់​អាត្ម័ន

អត្ថបទដោយ ៖ កុយរដ្ឋា
ចេញផ្សាយ ៖ ១១/០៦/២០១២

សូមចូលរួម​បញ្ចេញ​មតិចំពោះ ៖ និមិត្តរូប​នាគ​ក្នុង​ស្ថាបត្យកម្ម​ខ្មែរ
វិធាន ​នៃ​ការ​បញ្ចេញ​ មតិ