![]() |
រូបភាព http://www.facebook.com/LaMoFoto |
តាមរយៈរបកគំហើញខាងបុរាណវិទ្យាបុរេប្រវត្តិសាស្ត្រ គួបផ្សំទៅនឹងការវិភាគនៃកំណត់ហេតុចិននាសម័យប្រវត្តិសាស្ត្រ យើងបានដឹងអំពីវិសាលភាពនៃទឹកដីខ្មែរនាដើមស.វទី១ នៃគ.ស និងកម្រិតវប្បធម៌ដ៏រុងរឿងរបស់ជនជាតិខ្មែរនៅលើជ្រោយឥណ្ឌូ-ចិន យើងនេះ។
ហើយដោយសារយោងតាមទិន្នន័យវិទ្យាសាស្ត្រទាំងនោះ ដែលបុព្វការីជនខ្មែរ បានបន្សល់ទុកពាសពេញទូទាំងភូមិភាគនេះ ជាពិសេសនៅប្រទេសលាវ/ឡាវ វៀតណាមកណ្តាល និងត្បូង និងប្រទេសថៃបច្ចុប្បន្ន យើងអាចបញ្ជាក់បានថា ស្ថិតក្នុងអម្បូរមន-ខ្មែរ ដូចតាខ្មែរនាសម័យមុនការបង្កើតរដ្ឋហ្វូ-ណន (នគរភ្នំ) បានស្គាល់វិស័យស្ថាបត្យកម្មប្រចាំជាតិរបស់ខ្លួនរួចទៅហើយ។

ជារួម នៅប្រទេសកម្ពុជាសព្វថ្ងៃ ក៏ដូចនៅលើទឹកដីកំណើតរបស់ពូជសាសន៍ខ្មែរដែរ មុនការលេចធ្លោឡើងនូវប្រាង្គប្រាសាទ និងទីក្រុងបែបឥណ្ឌា ឬអ៊ឺរុប វិស័យស្ថាបត្យកម្មនាសម័យបុរេប្រវត្តិសាស្ត្រ ត្រូវចែកចេញជាពីរប្រភេទធំៗ គឺថ្ម និង ឈើ។ ស្ថាបត្យកម្មថ្ម មានដូចជា ថ្មធម្មជាតិ ដែលគេបញ្ឈរ (menhir) សម្រាប់សម្គាល់ថា ជាទីសក្ការៈបូជា ដែលមានលក្ខណៈស័ក្តិសិទ្ធិ ព្រមទាំងថ្មដេក (dolmen) ដូចជានៅភាគខាងជើងនៃប្រទេសលាវបច្ចុប្បន្ន ដែលតាមពិតទៅគឺគេដាក់គងលើគ្នា (មួយផ្ទាំងនៅពីលើ និងពីរទៀតនៅខាងក្រោមជាទម្រ) ដើម្បីបញ្ចុះសព។ ទន្ទឹមនឹងនេះ យើងក៏បានឃើញដែរនូវរណ្តៅកប់សព ដែលគេបានចោះក្នុងថ្ម និងវត្តមាននៃក្តាមឈូសថ្ម និងឈើ ដូចករណីក្តារមឈូសនៅស៊ុនឡុក (កម្ពុជាក្រោម) និងក្តារមឈូសនៅខេត្តកញ្ជនៈបុរី (ប្រទេសសៀម)។

ប្រភេទស្ថាបត្យកម្មទី២ គឺផ្ទះសម្បែង និងភូមិរាងមូល ឬដែលមានរាងជាពងក្រពើ ដែលជាទីប្រជុំជន ឬទីក្រុងបុរាណ ធ្វើអំពីដីលើក ហើយមានគូរទឹកហ៊ុំព័ទ្ធជុំវិញ ដែលលោកភីលិប ហ្គ្រោលីយេ បានឲ្យឈ្មោះថា វប្បធម៌ភូមិមូលនៅមេមត់។ ដូចនេះ យើងអាចយល់បានថា ក្នុងសម័យបុរេប្រវត្តិសាស្ត្រ យ៉ាងហោចណាស់ក៏ចាប់តាំងពី ១៥០០ឆ្នាំ មុនគ.ស ពោលគឺក្នុងដំណាក់កាលបុព្វបុរសខ្មែរ បានចេះប្រើផ្ទាំងថ្មធម្មជាតិធំៗ ដើម្បីធ្វើជានិមិត្តសញ្ញាផ្សេងៗ និងដើម្បីមូលហេតុជំនឿសាសនា។ ហើយទន្ទឹមនឹងនេះ ពួកគេក៏ចេះយកថ្មធម្មជាតិទាំងនោះ មកកែច្នៃប្រឌិតនូវសំណង់ស្ថាបត្យកម្មដំបូងបង្អស់ដែរ។ នៅទីនេះ យើងចង់និយាយដល់ថ្មបញ្ឈរ និងដេក ដែលមានលក្ខណៈជាសកល ហើយដែលជាសម្មិទ្ធផលឲ្យក្លាយទៅជារបស់មនុស្សសុទ្ធសាធ ខុសពីថ្មធម្មជាតិធំៗ និងពើង ឬពយ ដែលជាថ្មធម្មជាតិ តែផ្នែកខាងលើលយចន្លោះមួយ ល្មមសមរម្យធ្វើជាជំរក។

ទោះនៅទីណាក៏ដោយ ក្នុងឧបទ្វីបឥណ្ឌូ-ចិនយើងនេះ សម្មិទ្ធផលទាំងនោះ គឺជាសញ្ញាណសំណង់ស្ថាបត្យកម្មដំបូងបង្អស់របស់ ជាតិខ្មែរ ដែលបានរីកដុះដាលកាលមុនការសាងសង់នូវប្រាង្គប្រាសាទ តាមលំនាំស្ថាបត្យកម្មឥណ្ឌា ដើម្បីឧទ្ទិសដល់លទ្ធិព្រហ្មញ្ញសាសនាមកពីឥណ្ឌានាដើមសម័យ ប្រវត្តិសាស្ត្រ។ ខាងលើនេះ សឲ្យឃើញថា សមត្ថភាពសាងសង់របស់បុព្វការីជនខ្មែរនាសម័យបុរេប្រវត្តិសាស្ត្រ មានកម្រិតខ្ពស់រួចទៅហើយ ហើយនាសម័យនោះ ពួកគេក៏ពិតជាមានទំនាក់ទំនងផ្នែកវប្បធម៌ជាមួយនឹងតំបន់ផ្សេងៗឯទៀត ក្នុងភូមិភាគអាស៊ីអាគ្នេយ៍។ បើយើងពិនិត្យមើលសំណង់ស្ថាបត្យកម្មទាំងនោះ ដែលមានលក្ខណៈសកល យើងនឹងដឹងថា នៅប្រទេសអ៊ឺរុប គេឲ្យឈ្មោះថា វប្បធម៌ថ្ម (Culture megalithique)។


អ្វីដែលយើងទើបលើកយកមកជម្រាបខាងលើនេះ គឺនៅធ្វើឡើងក្នុងគំនិតតែមួយ គឺការជៀសវាងការបកស្រាយទិន្នន័យ បុរាណវិទ្យាខុស។ ការបកស្រាយរបៀបនេះ ច្បាស់ជានៅមានតាមអត្ថបទមួយចំនួន ដែលគេចាត់ទុកថា សម្មិទ្ធផលសង្គមទាំងនោះ គឺជាសម្មិទ្ធផលរបស់មនុស្សចំណូលថ្មីក្នុងតំបន់ ទោះបីជាមានការបំភ្លឺ ឬហាមប្រាមរបស់លោក ហ្សក ស៊ឺដេស ក៏ដោយ (Cf. គាថាដើមក្នុង ឯកសារ Manuel d’Archeologie, Le Cambodge ឆ្នាំ១៩៦៦ របស់ហ្សង់ បស្សឺលីយេ)។ ម្យ៉ាងវិញទៀត បើតាមការសង្កេតរបស់យើងង ការគោរពបូជាថ្ម បានបង្ហាញនូវនិមិត្តរូបស៊ីជម្រៅរបស់ថ្មធម្មជាតិទាំងនោះ ដែលមានលក្ខណៈមិនខុសគ្នាអំពីជំនឿនៅអ៊ឺរ៉ុបប៉ុន្មានដែរ មុនការមកដល់នៃគ្រិស្តសាសនា ដែលមានប្រភពចេញពីប្រទេសអ៊ីស្រាអែល តាមរយៈប្រទេសអ៊ីតាលី។ តែទោះជាយ៉ាងណាក៏ដោយ ក៏យើងបានឃើញវប្បធម៌លើថ្មនៅឥណ្ឌូ-ចិនរបស់អម្បូរខ្មែរ មានលក្ខណៈផ្ទាល់របស់វាដែរ។ ដូចនេះ គេមិនអាចសរសេរអំពីវិស័យសិល្បៈស្ថាបត្យកម្មរបស់ខ្មែរ ក្នុងដំណាក់កាលដំបូង ដោយមិនផ្អែកលើទិន្នន័យបុរាណវិទ្យា ដែលជាស្នាដៃរបស់បុព្វបុរសខ្មែរឡើយ។ ត្រូវជ្រាបថា សិល្បៈស្ថាបត្យកម្ម គឺអ្វីៗដែលបានបង្កបង្កើតស្ថាបនាឡើង ដោយការកែច្នៃប្រឌិតរបស់មនុស្ស ដែលប្រកបដោយគតិ និងបញ្ញាញ្ញាណ ហើយតាមការតម្រូវការប្រើប្រាស់របស់សង្គម ទោះបីជាវត្ថុធាតុដើមបានពីធម្មជាតិក្តី។

ក្នុងន័យនេះហើយ ការមើលរំលងនូវសំណង់ស្ថាបត្យកម្ម សក្ការៈនាសម័យបុរេប្រវត្តិសាស្ត្រទាំងនោះ ដែលបណ្តាលមកពីការផ្លាស់ប្តូរទម្រង់ ឬទំហំនៃភូមិសាស្ត្រជាប្រវត្តិសាស្ត្រ ឬប្រព័ន្ធជំនឿសាសនា របស់អតីតព្រះរាជាណាចក្រកម្ពុជាត្រូវតែកែតម្រូវ។ ការដែលសំណង់ស្ថាបត្យកម្ម មានការប្រែប្រួលលក្ខណៈ ដោយបានឆ្លងកាត់នូវច្រើនសម័យកាល តែទោះជាយ៉ាងណាក៏ដោយ សម្មិទ្ធផលទាំងនោះ គឺជាតឹកតាងវប្បធម៌ដែលយើងមិនត្រូវបំភ្លេចក្នុងការស្វែងយល់អំពី អតីតកាលរបស់មនុស្សខ្មែរដែរ។ ខាងលើនេះ គឺជាគុណបំណាច់ដ៏ធំធេងរបស់និក្ខេបបទថ្នាក់បណ្ឌិតរបស់យើងនៅខាងលើ។ ម្យ៉ាងវិញទៀត ត្រូវជ្រាបថា វប្បធម៌ថ្មសម័យបុរេប្រវត្តិសាស្ត្រក៏ជាប់ពាក់ព័ន្ធទៅនឹងការសាងសង់ សំណង់ថ្មធំៗសម្រាប់បញ្ចុះសាកសពដែរ ដែលគេបានមើលរំលង។ ដូចទើបពោល សារសំខាន់នៃជំនឿលើថ្ម បានបញ្ជាក់ថា ជំនឿនេះត្រូវបានកកើតឡើងនាសម័យបុរេប្រត្តិសាស្ត្រ មុនឥណ្ឌូរូបនិយកម្ម ហើយមានលក្ខណៈជាសកល។ មិនមែនតែប៉ុណ្ណោះសោត ជំនឿបែបជីវចលនេះ បានបន្តរហូតដល់សព្វថ្ងៃ ក្រោមរូបភាពនៃពិធីកម្មផ្សេងៗ ដូចជាការឡើងភ្នំ ចុះភ្នំ ការគោរពថ្ម អ្នកតា ថ្មគ្រប់ប្រភេទដែលគេជឿថា មានបារមីកាន់។
ក្នុងការស្រាវជ្រាវរបស់យើង ក៏បានឃើញដែរនូវថ្មសក្ការៈមួយចំនួន ដែលបុព្វបុរសខ្មែរមិនបានស្ថាបនាទេ ហើយការគោរពបូជាត្រូវបានបន្តវេនពីសម័យបុរេប្រវត្តិសាស្ត្ររហូតដល់ បច្ចុប្បន្នភាព ដូចករណីថ្មនៅលើភ្នំត្បែងមានជ័យក្នុងខេត្តព្រះវិហារជាឧទាហរណ៍ ស្រាប់។
ព្រោះជាថ្មធម្មជាតិ នៅតាមជំរៀល ឬលើខ្នងភ្នំ ដូចករណីផ្ទាំងថ្មដា នៅខេត្តឧដនថានី ប្រទេសថៃបច្ចុប្បន្នជាសក្ខីកម្មស្រាប់ រមែងតែទទួលនូវការគោរពបូជាជានិច្ចកាល។ ទន្ទឹមនឹងនេះ យើងក៏បានឃើញមានផ្ទាំងថ្មធម្មជាតិខ្លះទៀតដែរ ដែលត្រូវបានកែច្នៃដោយទេពកោសល្យខ្ពស់ ដើម្បីជាទីគោរពសក្ការៈ ឬក៏ដើម្បីតំណាងឲ្យអង្គប្រាណដូនតា ដូចករណីផ្ទាំងថ្មដេក និងថ្មបញ្ឈរនៅតំបន់បានអាង នៅភូមិភាគខាងជើងនៃប្រទេសលាវ (ឡាវ) បច្ចុប្បន្នជាតឹកតាងរឹងមួយដោយឥតប្រកែកបាន។ តែអ្វីដែលយើងកត់សំគាល់នៅទីនេះ គឺក្នុងវប្បធម៌មន-ខ្មែរនាសម័យបុរេប្រវត្តិសាស្ត្រ ក៏ដូចបច្ចុប្បន្នភាពដែរ ជំនឿលើថ្មធម្មជាតិ និង ជំនឿលើភ្នំ ដែលមានលក្ខណៈជាជីវចលនិយម នោះជំនឿនេះបានបន្តវេនពីអតីតកាលដ៏យូរលង់ រហូតដល់បច្ចុប្បន្នភាព ហើយឧត្តមភាពនៅត្រូវបានថែរក្សាដដែល។ ហើយការគោរពបូជានេះ ក៏ដោយសារតែគេជឿថា ថ្មទាំងនោះមានបារមីកាន់ ឬវត្ថុសក្តិសិទ្ធ ពោលគឺ ព្រលឹង ឬវិញ្ញាណបុព្វការីជនសណ្ឋិតនៅក្នុងថ្មទាំងនោះ ធ្វើឲ្យថ្មទាំងនោះប្រកបដោយអច្ឆរិយភាព ដោយចេះជួយសង្គ្រោះមនុស្សឲ្យផុតពីទុក្ខភ័យទាំងឡាយ។

វប្បធម៌កប់សពដោយប្រើពាងថ្ម (jarres monolithes) នៅតំបន់ខ្ពង់រាបសៀងឃួង ភូមិភាគខាងជើងនៃប្រទេសលាវ (ឡាវ) បច្ចុប្បន្ន ជាពិសេសស្ថានីយកុងផាន ត្រូវបានផ្សព្វផ្សាយតាំងពីឆ្នាំ១៩៣៥ ដោយលោកស្រី កូឡានី (Colani) តែជាអកុសល ពុំបានទទួលការចាប់អារម្មណ៍ពីអ្នកប្រវត្តិវិទូខ្មែរជំនាន់មុន ឥណ្ឌូរូបនីយកម្ម។ ហើយដោយសារតែគេមិនបានផ្តោតសំខាន់លើបញ្ហានេះ វិស័យស្ថាបត្យកម្មខ្មែរនាសម័យមុនឥណ្ឌាមិនត្រូវបានបរិយាយ ឬនិយាយដល់។ ការណ៍នេះ ហាក់ដូចជាបង្ហាញឲ្យឃើញកង្វះខាតរបស់អ្នកស្រាវជ្រាវខ្លះៗ។ មានលក្ខណៈជាសកល ករណីថ្មបញ្ឈរ និងដេក ដែលសុទ្ធសឹងតែជាកត្តាអាចតំណាងឲ្យវិស័យស្ថាបត្យកម្មដំបូងបង្អស់ របស់មនុស្សខ្មែរ តម្រូវឲ្យយើងអធិប្បាយអំពីនិមិត្តរូបភាពមួយកម្រិតទៀត។ សូមរំលឹកថា នៅប្រទេសលាវ/ឡាវ ដែលជាទឹកដីកំណើតរបស់អម្បូរមន-ខ្មែរ ថ្មបញ្ឈរគឺតំណាងឲ្យលិង្គរបស់ភេទប្រុសដែលគេបញ្ឈរ ដើម្បីជាទីគោរពសក្ការ:។ បង្គោលថ្មទាំងនោះត្រូវបានគេចិតចេញពីស្រទាប់ថ្មដា (mica-schiste)។ រីឯពាងថ្មខ្លះសម្រាប់បញ្ចុះសពវិញ មានបណ្តោយរហូតដល់៣ម៉ែត្រ និងកំពស់់៣ម៉ែត្រ២០ តំណាងយោនី ឬផ្ទៃរបស់ស្ត្រីទៅវិញ។ រីឯរណ្តៅបញ្ចុះសពវិញ ដែលគេចោះលើថ្ម ខ្លះមានជម្រៅរហូតដល់២ម៉ែត្រ និងបណ្តោយប្រវែង ២ម៉ែត្រ១៥ ក៏មានអត្ថន័យដូចគ្នា។ ជាឧទាហរណ៍ : ដី ឬព្រះធរណីត្រូវបានគេចាត់ទុកថា ជាដៃ ឬទ្វារមាសសម្រាប់ទទួលសាកសពកូន ហើយដោយសារហេតុផលនេះ ទើបគេកប់សពក្នុងដីសម្រាប់ឲ្យចាប់ជាតិឡើងវិញទៅអនាគត។ នេះជាការយល់ឃើញរបស់ពួកគេ ហើយរូបារម្មណ៍នេះ នៅតែស្ថិតក្នុងផ្នត់គំនិតរបស់មនុស្សខ្មែរផងដែរ។

ប្រការមួយទៀតដែលគួរកត់ត្រាដែល គឺវត្តមានរបស់ថ្មផ្តេកមួយ (dolmen) នៅបានណាសែវ ប្រទេសឡាវ/លាវ ដែលមានលក្ខណៈប្រហាក់ប្រហែលនិងថ្មផ្តេកនៅប្រទេសបារាំង ជាពិសេសនៅន័រម៉ុងឌី។ ដូនតាខ្មែរនាសម័យនោះ ដែលមានលក្ខណៈជាកុលសម្ព័ទ្ធនៅឡើយ។ ហើយសហគមន៍មន-ខ្មែរដើមទាំងនោះក្នុងភូមិភាគនេះ។ សង្គម ដូចជាពួកខា និងល្មេតជាដើម រួមទាំងប្រទេសកម្ពុជា វៀតណាមកណ្តាល និងត្បូង ប្រទេសថៃ ភូមា និងម៉ាឡេស៊ី សុទ្ធសឹងតែបានបន្សល់ទុកនូវតឹកតាងដ៏សំខាន់ពាក់ព័ន្ធទៅ នឹងវិស័យស្ថាបត្យកម្មថ្ម និងឈើដែលមិនមែនជារបស់ឥណ្ឌា ឬចិនឡើយ។ រីឯពាងថ្មសម្រាប់បញ្ចុះសាកសពវិញ ពួកទាំងនោះពីដើមក៏សុទ្ធសឹងតែមានគម្របដែរ តែឥឡូវនេះត្រូវបានបាក់បែក បាត់បង់អស់ទៅហើយ ។ នៅស្ថានីយ៍សានកុងផាន (ហួផាន់) គេឃើញចំនួនថ្មបញ្ឈរទៅ ដល់១១៧ ដែលស្ថិតក្នុងបរិវេណត្រឹមតែ៦៧ម៉ែត្រប៉ុណ្ណោះ ។ រីឯនៅស្ថានីយ៍កែវហិនតាន វិញ ដែលមានប្រវែងប្រមាណជា៦០ម៉ែត្រ មានបង្គោលថ្មីបញ្ឈរចំនួន១២១ ។ តាមពិតទៅនៅតាមស្ថានីយ៍ដទៃៗឯទៀតមួយចំនួនទៀតដែលគួរឲ្យចាប់អារម្មណ៍ ផងដែរ ។ ឧទាហរណ៍ នៅស្ថានីយ៍ឡាតសេន ក្បែរអាកាសដ្ឋានមួយចំនួន ពាងថ្មទាំងអស់គឺ៤៨០ ហើយជា១៥៥ នៅបានស៊ួ ។ សូមរំលឹកថា ការសិក្សាសម្ភារៈប្រើប្រាស់ដែលបុព្វបុរសបានបន្សល់ទុកក្នុងពាងថ្ម និងរណ្តៅបញ្ចុះសាកសពទាំងនោះ យើងអាចនិយាយដោយសង្ខេបថា មានលក្ខណៈមិនខុសប្លែក និងអ្វីៗដែលជួបប្រទះក្នុងបណ្តាស្ថានីយ៍បុរេប្រវត្តិសាស្ត្រដទៃៗ ឯទៀតដែរ។ រណ្តៅសពខ្លះបានបន្សល់បំណែកកលាលជន៍ អង្កាំថ្ម និងកែវ ពូថៅធ្វើអំពីថ្ម រីឯខ្លះទៀត គេឃើញវត្តមានរបស់កងដៃ ធ្វើអំពីសំរិទ្ធ និងផ្លែខ្នារ ធ្វើអំពីដីដុតសម្រាប់រវៃអំបោះ ។ រីឯអាយុកាលរបស់វត្ថុបុរាណទាំងនោះក៏មិនខុសប្លែកពីស្ថានីយ៍ផ្សេងៗ ឯទៀតដែរ ដោយបរិបទភូមិសាស្ត្រ និងវប្បធម៌រួម របស់សហគមន៍មន-ខ្មែរ ដែលបានរស់នៅក្នុងឧបទ្វីបឥណ្ឌូចិន យើងនេះមុនការបង្កើតរដ្ឋលាវ/ឡាវ។ គប្បីរំលឹងនៅទីនេះផងដែរ ទឹកដីលាវសព្វថ្ងៃ នាដើមសម័យប្រវត្តិសាស្ត្រ គឺជាភាគមួយនៃនគរភ្នំ ឬហ្វូ-ណន ព្រោះថា ជារដ្ឋចំណុះមួយដែលបានឲ្យកំណើតឲ្យព្រះរាជវង្សានុវង្សខ្មែរនា សម័យអង្គរ នេះបើយោងតាមខ្លឹមសារនៃសិលាចារឹកប្រាសាទបក្សីចាំក្រុង។

អ្នកស្រាវជ្រាវខ្មែរ ដែលភាគច្រើនខ្វះចក្ខុវិស័យសំយោគ ដូច្នេះការសិក្សាអំពីជំនឿ ទំនៀមទំលាប់ សិល្បៈស្ថាបត្យកម្មនាសម័យបុរេប្រវត្តិសាស្ត្រ អាចនឹងផ្តល់ជាព័ត៌មានដ៏ប្រសើរមួយ ដែលខកខានពុំបាន សម្រាប់ពង្រីកការចេះដឹងទូទៅស្តីពីវប្បធម៌ខ្មែរមុនឥណ្ឌូរូបនិយក ម្ម។ ទន្ទឹមនឹងនេះដែរ ការស្រាវជ្រាវក៏អាចកែតម្រូវនូវរាល់ទស្សនៈមិនត្រឹមត្រូវមួយចំនួន ផងដែរនៅក្នុងអតីតនៃទឹកដីដែលស្ថិតក្នុងតំបន់អាស៊ីអាគ្នេយ៍។ គេក៏បានឃើញនូវក្តារមឈូស (cerceuil) ថ្មនៅស៊ុនឡុកកម្ពុជាក្រោម ព្រមទាំងក្តារមឈូសឈើដែលជាសម្មិតផលរបស់សហគមន៍មន-ខ្មែរ នៅខេត្តកញ្ជនៈបុរីប្រទេសថៃបច្ចុប្បន្នផងដែរ។ ស្ថាបត្យកម្មឈើ ដូចជាក្តារមឈូសឈើសម្រាប់បញ្ចុះសាកសពមនុស្ស ដែលកុលសម្ព័ន្ធបន្តប្រពៃណីរហូតដល់បច្ចុប្បន្នភាព ពិតជាឆ្លុះបញ្ជាក់ឲ្យយើងឃើញនូវភាពប៉ិនប្រសពក្នុងការកែច្នៃប្រឌិត និងការគោរពបូជាដូនតា ដែលបានចែកស្ថានទៅប្រកបដោយសីលធម៌ខ្ពស់។ នៅត្រង់ចំណុចនេះ សូមរំលឹកថា ដូចទើបពោល កុលសម្ព័ទ្ធមន-ខ្មែរមួយក្រុមគឺ ពួកស្អូចរស់នៅខេត្តកំពុងសោម នៅតែបញ្ចុះសពក្នុងក្តាមឈូសឈើរហូតដល់ស.វទី ១៥-១៦នៃគ.ស ទើបបញ្ឈប់ដោយទំនើបកម្ម។

![]() |
ភូមិមូលរបស់ជនជាតិប្រូវ ភូមិភាគឥសានរបស់ប្រទេសកម្ពុជា (រូបថតរបស់ប្រូវ 1997 : Cf. Matras Guin et Taillard, Habitations et Habitats d’Asie du Sud-Est) |

សូមកត់សម្គាល់ផងដែរថា រាល់ស្ថាបត្យកម្មខ្មែរនាសម័យបុរេប្រវត្តិសាស្ត្រ ក៏មានការវិវត្តន៍ផ្សេងៗទៅតាមតំបន់នីមួយៗផងដែរ។ ដូច្នេះហើយបានជានៅតំបន់ខ្ពង់រាបខ្លះ គេឃើញមានការប្រើក្តារមឈូសឈើ សម្រាប់បញ្ចុះសពដូនតា ដូចជាកញ្ជនៈបុរីជាដើម។ សូមជម្រាបថា ក្រៅពីក្តារមឈូសថ្ម ឬឈើ ដែលបុព្វបុរសមន-ខ្មែរ បានបន្សល់ជាស្នាដៃដ៏សំខាន់ ប្រពៃណីប្រើក្តារមឈូសឈើខាងលើនេះ ក៏ត្រូវបានបន្តរហូតដល់សព្វថ្ងៃដែរ ជាពិសេសនៅតាមតំបន់ព្រៃភ្នំក្នុងឧបទ្វីបឥណ្ឌូចិន។ មានន័យថា ការដែលសហគមន៍មន-ខ្មែរនៅប្រទេសកម្ពុជា និង លាវ ក៏ដូចនៅប្រទេសវៀតណាមកណ្តាល និងត្បូងបច្ចុប្បន្ន នៅតែប្រើក្តារមឈូសឈើ ដើម្បីបញ្ចុះសពដូចនៅសម័យសម័យមុនឥណ្ឌូរូបនីយកម្ម មិនគ្រាន់តែធ្វើឲ្យឃើញនូវចំណាស់នៃខឿនវប្បធម៌ប៉ុណ្ណោះទេ ថែមទាំងធ្វើឲ្យឃើញនិរន្តភាពនៃវិស័យស្ថាបត្យកម្មផងដែរ។

យើងយល់ថា មានការខ្វះខាតច្រើន ក្នុងការស្រាវជ្រាវដំបូងនេះ ប៉ុន្តែគប្បីយើងត្រូវបញ្ចូលក្នុងអត្ថបទនេះនូវស្លាកស្នាម ពាក់ព័ន្ធទៅនិងផ្ទះសម្បែងនាសម័យនោះដែរ។ ព្រោះថា លំនៅស្ថាន សម្រាប់មនុស្ស ក៏ដូចលំនៅស្ថានជាទីសក្ការៈរបស់ពពួកអារុក្ខអារក្ស ដូចជាខ្ទមអ្នកតាជាដើម គឺត្រូវបានបង្កើតឡើងដោយបុព្វការីជនខ្មែរសុធសាទ ពោលគឺមិនមែនជាកម្ចីបរទេសនោះទេ៕
ចេញផ្សាយ ៖ ១១/០៦/២០១២
អត្ថបទដកស្រង់ចេញពី ៖ គេហទំព័រ CEN
សូមចូលរួមបញ្ចេញមតិចំពោះ ៖ វិស័យស្ថាបត្យកម្មខ្មែរនាសម័យបុរេប្រវត្តិសាស្ត្រ
វិធាន នៃការបញ្ចេញ មតិ
វិធាន នៃការបញ្ចេញ មតិ