ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១២ ខែមិថុនា
ឆ្នាំ២០១២នេះ ក្រុមមន្រ្តី រាជរដ្ឋាភិបាលកម្ពុជាបានជួបប្រជុំពិភាក្សាគ្នាផ្តោតលើតំបន់ឆ្នេរសមុទ្រកម្ពុជា
ដោយមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធនានាក្នុងការផ្សព្វផ្សាយពីការគ្រប់គ្រង
និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា ដើម្បីអភិរក្សតំបន់ឆ្នេរដោយគ្របដណ្តប់លើទិដ្ឋភាពរួមទាំងផ្នែកនគរូបនីយកម្ម
បរិស្ថាន និងទេសចរណ៍ សំដៅធានានូវទស្សនទាននៃការអភិរក្សបម្រើដល់ការអភិវឌ្ឍន៏។
ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគរូបនីយកម្ម
និងសំណង់ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា
លោក អ៊ឹម ឈុនលឹម
មានប្រសាសន៍ក្នុងឱកាសប្រជុំផ្សព្វផ្សាយអំពីការគ្រប់គ្រងតំបន់ឆ្នេរ និងទស្សនទានជុំវិញការគ្រប់
គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា នៅទីស្តីការក្រសួងដែនដីថា
ក្នុងកិច្ចប្រជុំដែលធ្វើឡើងនេះ មានគោលបំណងបង្ហាញសមាសភាពនៃគណៈកម្មាធិការ
ជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា (គ.អ.ឆ.ក.) ផែនការសកម្មភាព
វឌ្ឍនភាពការងារ ដើម្បីលើកទិសដៅអនុវត្តបន្ត និងទស្សនទាននៃការគ្រប់គ្រង
អភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជាប្រកបដោយប្រសិទ្ធភាព។
លោកបន្តថា តំបន់ឆ្នេរសមុទ្រកម្ពុជា
គឺជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់មួយ ក្នុងចំណោមប៉ូលសេដ្ឋកិច្ចធំៗទាំង៣ របស់កម្ពុជា
ដែលបានកំពុងរួមចំណែកក្នុងការអភិវឌ្ឍន៏ សេដ្ឋកិច្ច-សង្គម តាមរយៈវិស័យទេសចរណ៍
ដឹកជញ្ជូន ឧស្សាហកម្ម ពាណិជ្ជកម្ម កសិកម្ម និងសេវាកម្ម។
តំបន់ឆ្នេរត្រូវបានចាត់ទុកជាតំបន់ដ៏មានសក្តានុពលក្នុងការទ្រទ្រង់ការអភិវឌ្ឍន៏របស់កម្ពុជា
ប្រកបដោយសន្ទុះសេដ្ឋកិច្ចខ្ពស់ ព្រោះតំបន់នេះសម្បូរណ៍ទៅដោយ ធនធានធម្មជាតិមានតម្លៃ
និងមានភាពទាក់ទាញការវិនិយោគ គោលដៅទេសចរណ៍ដែលមានភាពទាក់ទាញ ប្រកួតប្រជែងខ្ពស់ទាំងកម្ពុជា
និងក្នុងតំបន់។
លោកបញ្ជាក់ថា «លើសពីនេះទៀតតំបន់ឆ្នេរសមុទ្រកម្ពុជា
ជាចំណុចប្រសព្វនៃអ័ក្សអភិវឌ្ឍន៏របស់កម្ពុជា និងអាស៊ានផងដែរ ក្នុងអ័ក្សនៃតំបន់ឆ្នេរ
តភ្ជាប់ពីខេត្តកោះកុង មកខេត្តព្រះសីហនុ ខេត្តកំពត និងខេត្តកែប ឆ្ពោះទៅប្រទេសថៃ
វៀតណាម ព្រមជាមួយផ្លូវអាស៊ានហាយវេលេខ ១៣ និងភ្ជាប់មករាជធានីភ្នំពេញតាមរយៈអ័ក្សអភិវឌ្ឍន៏ភ្នំពេញ-ព្រះសីហនុ
ជាមួយផ្លូវអាស៊ានហាយវេលេខ១១ និងតភ្ជាប់ទៅអន្តរជាតិតាមផ្លូវទឹក ដោយកំពង់ផែសមុទ្រទឹកជ្រៅបំផុតរបស់កម្ពុជា»។
របាយការណ៍វឌ្ឍនភាពការងារ និងទិសដៅអនុវត្តបន្តរបស់គណៈកម្មាធិការជាតិគ្រប់គ្រង
និងអភិវឌ្ឍន៏តំបន់ឆ្នេរសមុទ្រកម្ពុជា បង្ហាញថា រហូតមកទល់ពេលនេះបើទោះបី
គ.អ.ឆ.ក. សម្រេចបាននូវលទ្ធផលមួយចំនួនយ៉ាងណាក៏ដោយ ប៉ុន្តែចំពោះមុខនៅមានការងារត្រូវអនុវត្តមួយចំនួនទៀត
ដែលត្រូវបន្តជម្រុញពិនិត្យ សម្រេច និងរៀបចំឲ្យបានឆាប់រហ័ស ដើម្បីចាប់កំណើរការរបស់គ.អ.ឆ.ក.បន្តទៀត។
សូមបញ្ជាក់ថា កំណើនទេសចរណ៍ នៃតំបន់ឆ្នេរឆ្នាំ២០១១
ធៀបនឹងឆ្នាំ២០១០នាពេលកន្លងមកនោះ ចំនួនភ្ញៀវទេសចរណ៍អន្តរជាតិមានកំណើន ១៩,១ភាគរយ ស្នើ១៩៣.០៩៣នាក់ និងទេសចរណ៏ក្នុងស្រុកមានកំណើន
៤០,៩ភាគរយ
ស្នើ១.៦៩១.៨២៩នាក់ ហើយចំនួននេះ នឹងកើនឡើងបន្ថែមទៀតនាឆ្នាំ២០១២នេះ បន្ទាប់ពីការសម្ពោធបើកឲ្យប្រើប្រាស់រមណីយដ្ឋានឋានសួរគ៌បូកគោ
ដែលជាទីតាំងដ៏មានសក្តានុពលទាក់ទាញទេសចរណ៍យ៉ាងសំខាន់៕
ចេញផ្សាយ ៖ ១២/០៦/២០១២
វិធាន នៃការបញ្ចេញ មតិ