Ads Café Mr.Jungle

Thursday, June 7, 2012

បទយកការណ៍ ស្តីពី សិស្ស និស្សិត និងមន្រ្តីរាជការ ស្នើឲ្យស្ថាប័ន មានជំនាញកុំព្យូទ័រ បញ្ចូលរូបភាព សញ្ញា និងរូបក្បាច់របស់ខ្មែរ ក្នុងកម្មវិធីកុំព្យូទ័រ


ភ្នំពេញ៖ ដូនតារបស់ខ្មែរ បានខិតខំកសាង នូវវប្បធម៌របស់ ខ្លួន អស់ជាច្រើនជំនាន់ និងអស់ជាច្រើន សតវត្សរ៍មកហើយ ទើបឈានដល់ចំណុច កំពូល គឺសម័យអង្គរ។ សម័យអង្គរនេះ គឺសម្បូរទៅដោយក្បាច់ ចម្លាក់ជាច្រើនប្រភេទ និងសម្បូរបែប រស់រវើក គួរឲ្យស្ញប់ស្ញែង។ ចំណែកទេសភាពស្រុកខ្មែរ និងជីវភាពរស់នៅ ក៏មានសម្រស់គួរជាទីគយគន់ផងដែរ ដែលមានជាលក្ខណៈជាតិមួយច្បាស់លាស់។
ដោយមានវប្បធម៌ដ៏សម្បូរបែបនេះហើយ ទើប សិស្ស និស្សិត ប្រជាពលរដ្ឋ និងមន្រ្តីរាជការខ្មែរជាច្រើននាក់ បានសំណូមពរដល់ក្រសួង-ស្ថាប័នមានជំនាញផ្នែកកុំព្យូទ័រ ឲ្យបញ្ចូលរូបភាព សញ្ញា ក៏ដូចរូបក្បាច់នានារបស់ ខ្មែរ ទៅក្នុងកម្មវិធីកុំព្យូទ័រ ដើម្បីងាយស្រួលក្នុងការតុបតែងអត្ថបទ។
កញ្ញា ស៊ន ភារម្យ ជាសិស្សរៀនកុំព្យូទ័រផ្នែករដ្ឋបាល បាននិយាយថា កន្លងមក កញ្ញាបានវាយអត្ថបទជាច្រើន ហើយត្រូវការ រូបភាព សញ្ញា និងក្បាច់លម្អផ្សេងៗ មកតុបតែងអត្ថបទ ប៉ុន្តែមិនមានរបស់ខ្មែរទេ។ ដូចនេះ កញ្ញា ត្រូវប្រើរបស់បរទេស ដែលមិនស៊ីគ្នានឹងអត្ថបទ ដែលនិយាយពីបញ្ហានៅ ក្នុងសង្គមខ្មែរ «នៅពេលដែល អ្នកវាយកុំព្យូទ័រ ចង់បានរូប សញ្ញារបស់ខ្មែរ គឺបើកកម្មវិធីហ្នឹងមក រួច បញ្ចូលរូបភាព ដែលយើងចង់បាននោះ ទៅក្នុងក្រដាស់ (អត្ថបទ) គឺមានស្រាប់តែម្តង។ អញ្ចឹង សំណូមពរ សូមឲ្យអ្នកជំនាញខាងកុំព្យូ័រ បង្កើតកម្ម វិធីមួយ ដែលទាក់ទងនឹង សញ្ញា ក្បូក្បាច់ ឬក៏រូបភាពផ្សេងៗទៀត ដែលទាក់ទងនឹងរបស់ខ្មែរ ដើម្បីងាយស្រួល ក្នុងការប្រើប្រាស់»។
ចំណែកលោក សុន រតនា ជានិស្សិតផ្នែករដ្ឋបាលសាធារណៈ ដែលសព្វថ្ងៃបម្រើការងារជាមន្រ្តីរាជការ នៅការិយាល័យ សរុប និងព័ត៌មាន នៃសាលាខេត្តកណ្តាល ក៏បញ្ចេញយោបល់របស់ខ្លួនលើ បញ្ហានេះ មិនខុសពីកញ្ញា ស៊ន ភារម្យ ប៉ុន្មានឡើយ ដោយលោកបានបញ្ជាក់ថា រូបភាព ជាពិសេស ក្បាច់រចនា របស់ខ្មែរមានជាច្រើន បើយើងមើលនៅតាមជញ្ជាំងប្រាសាទនានារបស់ខ្មែរ ដែលបានបន្សល់ទុកដោយ បុព្វបុរសនោះ គឺមានច្រើនណាស់។ ហេតុនេះ យើងគួរប្រមូលរបស់ទាំងអស់នោះ យកមកប្រើប្រាស់ក្នុងវិស័យព័ត៌មានវិទ្យា។
លោកបន្តថា «របស់ខ្មែរមានច្រើន ដូចជានៅតាមប្រាសាទ ដែលគួរយើងយកមកជាលក្ខណៈ តាក់តែង ដើម្បីឲ្យសោភ័ណភាពក្នុងការធ្វើអត្ថបទរបស់ខ្មែរ គឺវាមានភាពលេចធ្លោ។ ព្រោះអីកន្លងមកអត្ថបទជារបស់ខ្មែរ តែលក្ខណៈតុបតែងជារបស់ជនជាតិគេ គឺមិនសម។ អញ្ចឹងគួរតែមានការប្តូរគំនិតមួយ គួរយករបស់ខ្មែរ មកធ្វើជាអត្ថប្រយោជន៍របស់ជាតិយើង កុំឲ្យតែសម្គាល់ (ប្រើ) របស់គេពេក»។
លោកស្រី អ៊ឹម បូរ៉េត ជាម្ចាស់ហាងបោះពុម្ពលើអាវយឺត និងមួក នៅរាជធានីភ្នំពេញ មានមតិថា ហាងរបស់ លោកស្រីកន្លងមក ការបោះពុម្ព គឺត្រូវការរូបភាព សញ្ញា ពិសេសក្បាច់ផ្សេងៗជាលក្ខណៈ របស់ខ្មែរ យកមកប្រើដែរ ប៉ុន្តែពិបាកក្នុងការរក ពីព្រោះនៅក្នុងកម្មវិធីកុំព្យូ័រ មិនមានរបស់ខ្មែរទេ មាន តែរបស់បរទេស «ដូច្នេះ ខ្ញុំ បង្ខំចិត្តប្រើរបស់គេ និងដើម្បីបានរបស់ខ្មែរមកប្រើ ខ្ញុំត្រូវការយករូបណាដែលត្រូវការនោះ ទៅស្កែន ទើបបានរូបនោះយកមកប្រើ។ ហេតុនេះ វាពិបាកដែរក្នុងរឿងនេះ»។
លោកបណ្ឌិត ច័ន្ទ សំណព្វ ជាអនុប្រធានរាជបណ្ឌិតសភាកម្ពុជា, ជាអនុប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ, ជាអនុប្រធានគណៈកម្មការភាសាវិទ្យាខ្មែរ និងជាសមាជិកគណៈកម្មការបណ្ឌិតសភាទទួល បន្ទុកអនុម័ត ពាក្យច្បាប់នៃទីស្តីការគណៈរដ្ឋមន្រ្តី បានគាំទ្រនូវគំនិត និងសំណូមពររបស់សិស្ស និស្សិត និងមន្រ្តីរាជការ ខ្មែរនេះ ដោយលោកបណ្ឌិតយល់ថា អ្វីដែល ដូនតាខ្មែរបន្សល់ទុកឲ្យហើយ គួរតែយកមកប្រើប្រាស់ ក្នុងអត្ថបទ របស់ខ្លួន កុំទុកចោល រួចបែរទៅជាប្រើរបស់គេវិញនោះ គឺមិនជាការល្អនោះឡើយ។
លោកបណ្ឌិត ក៏បាន រំលឹកដែរថា «យើងចាំតែប្រើរបស់គេធ្វើអី ក្នុងនាមយើងមានអ្នកចេះដឹង គិតគូរខាង IT (ព័ត៌មានវិទ្យា) ខ្មែរយើងដែរហ្នឹង។ យើងគ្រាន់ស្គែនវាយបញ្ចូលទៅតាមកម្មវិធីរបស់វា យើងអាចយកវាមក ប្រើបាន។ ដូចកាលពីជំនាន់ដើម ខ្មែរយើងក្នុងការសរសេរគេមាន កុបកាណេត អូម កូម៉ូត ក្បាច់ក្បូរលម្អចុងឃ្លា ដើមឃ្លា លើ ក្រោម គឺគេមានរចនាសម្ព័ន្ធ ហ្នឹង»។
លោកបណ្ឌិត ច័ន្ទ សំណព្វ បានមានមតិបន្តថា ប៉ុន្តែដោយសារ បច្ចុប្បន្ន អត្ថបទសព្វថ្ងៃ គឺជាអត្ថបទខ្មែរសម័យ ទំនើបទៅហើយនោះ យើងគួរអភិរក្សផង និងអភិវឌ្ឍផង ធ្វើយ៉ាងណាកុំឲ្យបាត់បង់អ្វី ដែលមានស្រាប់ បន្សល់ទុកដោយដូនតារបស់ខ្លួន ហើយក៏ត្រូវបង្កើតថ្មីផងដែរ ដើម្បីឲ្យស្របនឹងស្ថានភាពសព្វថ្ងៃ «យើងមានជា ដើមទុនហើយ យើងកុំបំបាត់វា យើងត្រូវអភិរក្ស និងបន្តនិរន្តភាពនៃការប្រើទៅទៀត។ ប៉ុន្តែកុំប្រើតែប៉ុណ្ណឹង ត្រូវចេះច្នៃប្រឌិតបង្កើតឲ្យមានរូបភាពថ្មីៗ សញ្ញាថ្មីៗ ដើម្បីបម្រើទៅនឹងសេចក្តីត្រូវការរបស់យើង ហើយឆ្លើយតបទៅនឹងបញ្ញត្តិដែលយើងត្រូវការនាពេលបច្ចុប្បន្នផង»។
បច្ចុប្បន្ន គេមិនទាន់ដឹងច្បាស់ថា តើក្រសួង ឬស្ថាប័នមួយណា ជាអ្នកទទួលខុសត្រូវក្នុង បញ្ហានេះឡើយ ដែលមានអ្នកខ្លះថា វាស្ថិតនៅក្រោមការទទួលខុសត្រូវ និងគ្រប់គ្រងរបស់ អគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិ ទទួលបន្ទុកកិច្ចការអភិវឌ្ឍវិស័យបច្ចេកវិទ្យា គមនាគមន៍ ព័ត៌មានវិទ្យា ហៅកាត់ថា (NIDA) របស់ទីស្តីការគណៈ រដ្ឋមន្រ្តី។ អ្នកខ្លះទៀតថា ស្ថិតនៅក្រោមស្ថាប័នរាជបណ្ឌិតសភាកម្ពុជា និងអ្នកផ្សេងទៀតយល់ថា ការងារនេះ ស្ថិតនៅក្រោមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈទៅវិញ។ ប៉ុន្តែទោះបីស្ថិតនៅក្រោមការទទួលខុសត្រូវ និងគ្រប់ គ្រងដោយក្រសួង-ស្ថាប័នណាក៏ ដោយ ក៏សិស្ស និស្សិត បញ្ញវន្ត មន្រ្តីរាជការ និងប្រជាពលរដ្ឋខ្មែរ សំណូមពរ ឲ្យដាក់បញ្ចូល រូប សញ្ញា និងក្បូរក្បាច់របស់ខ្មែរ ទៅក្នុងកម្មវិធីកុំព្យូទ័រ ដើម្បីងាយស្រួលដល់ពួកគេ ទាញយក មក ប្រើប្រាស់ ពីព្រោះពួកគេចង់ឃើញអ្វីដែលជារបស់ខ្មែរមាននៅលើអត្ថបទ ឬនៅលើផ្ទាំងផ្សេងៗ ជាជាងដាក់ របស់បរទេស ទន្ទឹមនឹងរបស់ខ្មែរមានដែរនោះ។
សព្វថ្ងៃ ប្រទេសកម្ពុជា បានប្រើភាសា និងអក្សរខ្មែរ ជាផ្លូវការ។ តាមរដ្ឋធម្មនុញ្ញខ្មែរ ឆ្នាំ១៩៩៣ មាត្រា៥ បានចែងថា ភាសា និងអក្សរ ដែលប្រើជាផ្លូវការ គឺ ភាសា និងអក្សរខ្មែរ។ រីឯការវាយអត្ថបទ ជាភាសាខ្មែរ ក៏មានមានការរីកចម្រើនជាងមុនដែរ ដោយប្រើកុំព្យូទ័រ ប៉ុន្តែការប្រើប្រាស់ រូបភាព សញ្ញា និងក្បាច់រចនាផ្សេងៗ ជារបស់ខ្មែរមិនមានទេ ដោយប្រើរបស់គេ ដូចជាមាននៅក្នុង Wingdings 1, Wingdings 2, Wingdings 3 និង Tacteing ជាដើម៕
អត្ថបទដោយ ៖ លោក ប៉ោ សេដ្ឋា​ ID-067  គេហទំព័រ ដើមអំពិល