សៀមរាប : កាលពីព្រលប់ថ្ងៃពី០៧ មិថុនា ឆ្នាំ២០១២ នៅសាលប្រជុំរបស់អាជ្ញាធរជាតិអប្សរា ក្រុង-ខេត្ត សៀមរាប បានបូកសរុបលទ្ធផល បិទព្រមទាំងធ្វើសន្និសីទសារព័ត៌មាន នៃកិច្ចប្រជុំបច្ចេកទេស គណ: កម្មាធិការ អន្តរជាតិសម្របសម្រួល ដើម្បីកិច្ចការអភិរក្ស និងអភិវឌ្ឍន៍តំបន់ឧទ្យានប្រវត្តិសាស្ត្រអង្គរ ICC(International Coordinating Committee for the Safeguarding andDevelopment of the Historic Site of Angkor) លើកទី២១ រយ:ពេល ២ថ្ងៃ គឺនៅថ្ងៃទី០៦ និង០៧ខែមិថុនា ឆ្នាំ២០១២ ប្រកបដោយជោគជ័យ។
កិច្ចប្រជុំរយ:ពេល ២ថ្ងៃនេះមានអ្នកចូលរួមជាង ៣០០នាក់ ពីអ្នកបច្ចេកទេស ស្ថាបត្យករ និងបុរាណវិទូ និងអ្នកពាក់ព័ន្ធ កិច្ចការអភិរក្ស និងអភិវឌ្ឍន៍តំបន់ឧទ្យានប្រវត្តិសាស្ត្រអង្គរ។ កិច្ចប្រជុំនេះស្ថិតក្រោម អធិបតីភាពបើកដោយ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ តំណាង របស់លោក សុខ អាន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរជាតិអប្សរា លោក ស៊ូ ភិរិន្ទ អភិបាលខេត្តសៀមរាប ព្រមទាំងលោកស្រីសហប្រធាន កាទ្រីន ម៉ង់ស៊ីប (Ms. Catherine MANCIP) ទីប្រឹក្សាសហប្រតិបតិ្តការ និងសកម្មភាពវប្បធម៌នៃស្ថានទូតបារាំង លោកយ៉ូស៊ីហ៊ីរ៉ូ ហ៊ីហ្គឈី (Mr. Yoshihiro HIGUCHI) រដ្ឋមន្រ្តីប្រចាំស្ថានទូតជប៉ុន លោកស្រី អែននី ឡីម៉ៃស្រែ្ទ (Anne LEMAISTRE) អ្នកតំណាងរបស់អង្គការ យូណេស្កូ ប្រចាំកម្ពុជា លោកសាស្ត្រាចារ្យ អាសេឌីន បែសហ្ច័ច (Azedine BESCHAOUCH) អគ្គលេខាធិការអចិន្ត្រៃយ៍នៃបុរាណវិទ្យា ICC និងលោក ប៊ុន ណារិទ្ធិ អគ្គនាយកអាជ្ញាធរជាតិអប្សរា។
រាល់ប្រធានបទនៃកិច្ចប្រជុំបច្ចេកទេសរបស់ ICC សម្រាប់រយ:ពេល២ថ្ងៃ ត្រូវបានពិភាក្សាយ៉ាងផុលផុស និងអនុសាសន៍យ៉ាងច្បាស់ សម្រាប់កិច្ចការអភិរក្ស និងអភិវឌ្ឍន៍តំបន់ឧទ្យានប្រវត្តិសាស្ត្រអង្គរ នៅពេលខាង មុខ។ ប្រធានបទដែលត្រូវផ្ដល់អនុសាសន៍ សំខាន់ៗក្នុងការការអភិរក្ស ការស្រាវជ្រាវ ទេសចរណ៍ និងអភិវឌ្ឍន៍ មានដូចជា កិច្ចការជលសាស្ត្រ/ធារាសាស្ត្រ កម្មវិធីជួសជុលប្រាសាទមេបុណ្យ ខាងលិច ប្រាសាទតាព្រហ្ម ប្រាសាទអង្គរវត្ត ប្រាសាទភ្នំបាខែង ប្រាសាទតាកែវ ប្រាសាទបាយ័ន ហើយមានការផ្ដោតការយក ចិត្តទុក ដាក់ចំពោះ កម្មវិធីនៃវគ្គហ្វឹកហ្វឺន ស្តីពី បច្ចេកទេសអភិរក្ស ប្រាសាទផងដែរ ដោយសាកលវិទ្យាល័យ ប៉ាល័រម៉ូ ប្រទេសអ៊ីតាលី (University of Palermo-Italy)។
គណ:កម្មាធិការអន្តរជាតិសម្របសម្រួល ដើម្បីកិច្ចការអភិរក្សនិងអភិវឌ្ឍន៍តំបន់ឧទ្យានប្រវត្តិ សាស្ត្រអង្គរ អាយស៊ីស៊ី (ICC) ត្រូវបានបង្កើតឡើងបន្ទាប់ពីប្រាសាទអង្គរវត្ត ត្រូវបានចុះក្នុង បញ្ជី បេតិកភណ្ឌពិភពលោក នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២។ អាយស៊ីស៊ី គឺជាយន្តការ អន្តរជាតិមួយ សម្រាប់សម្របសម្រួល រាល់ជំនួយពី បណ្តាប្រទេសនិងអង្គការផ្សេងៗ ហើយធានានូវដំណើរការយ៉ាងរលូន និងស៊ីសង្វាក់គ្នារាល់គម្រោងទាំងឡាយ ដោយផ្តោតសំខាន់ទៅលើស្តង់ដារ បចេ្ចកទេស និងហិរញ្ញវត្ថុ។ អាយស៊ីស៊ី ស្ថិតក្រោមសហប្រធាន នៃប្រទេស បារាំង និងជប៉ុន ដែលជាតំណាងស្ថានទូតរបស់ប្រទេសទាំងពីរនេះប្រចាំកម្ពុជា ហើយអង្គការយូណេស្កូ (UNESCO) មានតួនាទីជាលេខាធិការដ្ឋានរបស់ អាយស៊ីស៊ី។
ហើយនៅថ្ងៃទី០៥ មិថុនា ឆ្នាំ២០១២ ដែលជាថ្ងៃដំបូងនៃកិច្ចប្រជុំបចេ្ចកទេសលើកនេះ លេខាធិការដ្ឋាន ដោយសហការ ជាមួយអាជ្ញាធរអប្សរា បានរៀបចំដំណើរទស្សនាមួយទៅរមណីយដ្ឋានទ័ពជ័យ ដែលជាស្ថានីយ បុរាណវិទ្យាមួយ។ ទស្សនកិច្ចនេះនឹងមានការចូលរួមពីអ្នកជំនាញកម្ពុជា ពោលគឺ ស្ថាបត្យករ និងបុរាណវិទូ នៅថៃ្ងបន្ទាប់ ថ្ងៃទី០៦ និងទី០៧ មិថុនា គឺជាថ្ងៃសម្រាប់ធ្វើបទបង្ហាញមួយចំនួនដោយអ្នកឯកទេស អំពីប្រធានបទពាក់ព័ន្ធនឹងការអភិរក្ស ការស្រាវជ្រាវ ទេសចរណ៍ ការការពារ និងការអភិវឌ្ឍសហគម។
នៅក្នុងសន្និសីទបង្ហាញដោយ សហប្រធានរបស់ ICC ប្រទេសបារាំង និងជប៉ុន ដែលជាតំណាង ស្ថានទូតរបស់ ប្រទេសទាំងពីរ អ្នកតំណាងរបស់អង្គការ UNESCO ប្រចាំកម្ពុជា អគ្គលេខាធិការអចិន្ត្រៃយ៍នៃបុរាណវិទ្យានរបស់ ICC និងអគ្គនាយកអាជ្ញាធរជាតិអប្សរា ឲ្យដឹងថា កិច្ចប្រជុំលើកទី២១ របស់ ICC នាពេលនេះទទួលបានជោគ ជ័យគួរជាទីមោទន: ព្រមទាំងនាំមកនូវសមិទ្ធិផលសម្រាប់ជាយន្តការ ដើម្បីកិច្ចការអភិរក្ស និងអភិវឌ្ឍន៍តំបន់ឧទ្យាន ប្រវត្តិសាស្ត្រអង្គរ ប្រកបដោយប្រសិទ្ធិភាពខ្ពស់។
សន្និសីទក៏បានបង្ហាញផងដែរថា បរិបទថ្មី និងសំខាន់ផងដែរនោះ គឺ ការគ្រប់គ្រងទឹក ប្រព័ន្ធធារាសាស្ត្រ ការពារទឹកជំនន់កុំឲ្យលិច តំបន់ប្រាសាទ និងក្រុងសៀមរាប ក្រោយគម្រោងថវិការបស់អាជ្ញាធរអប្សរា ចំពោះការរៀបចំលំនៅដ្ឋាន ការស្ដារប្រព័ន្ធរំដោះទឹក ស្ទឹងសៀមរាប ដើម្បីបញ្ចៀសទឹកជំនន់ និងកែលម្អរឡើងវិញនូវសោភ័ណភាពដងស្ទឹងសៀមរាប ជាគម្រោងថវិការបស់ ប្រទេសកូរ៉េខាងត្បូង។ ជារួមយើងត្រូវរួមគ្នាបំពេញនូវរាល់កិច្ចការ ស្ដីពី ការស្រាវជ្រាវ អភិរក្ស អភិវឌ្ឍន៍ ទេសចរណ៍ តំបន់ឧទ្យានប្រវត្តិសាស្ត្រអង្គរ និងវិស័យជាច្រើនទៀត ដែលទាក់ទងនឹងតំបន់ប្រាសាទអង្គរ។ ហើយយើងក៏បានបំពេញកិច្ចជាច្រើន ពោរពេញដោយបទពិសោធន៍ ជំនាញ និងការទទួលខុសត្រូវខ្ពស់បំផុត ក្នុងការស្រាវជ្រាវ អភិរក្ស អភិវឌ្ឍន៍ ទេសចរណ៍ ឈានឆ្ពោះទៅរកនិរន្តភាព សម្រាប់ តំបន់ឧទ្យានប្រវត្តិសាស្ត្រអង្គរនៃប្រទេសកម្ពុជា៕
ចេញផ្សាយ ៖ ០៨/០៥/២០១២
ដកស្រង់ពី ៖ គេហទំព័រ Dap-News