Ads Café Mr.Jungle

Friday, June 8, 2012

CFC បានបញ្ចប់​ និងបង្ហាញខ្សែវីដេអូដែលកាត់ត និងថតដោយអ្នកបច្ចេកទេសកម្ពុជា


ភ្នំពេញៈ មជ្ឈមណ្ឌល បណ្តុះបណ្តាល ជំនាញ និង​ទទួល​ការថត ភាពយន្ត​នៅកម្ពុជា ហៅកាត់ថា CFC (Cambodia Film Commission) កាលពីថ្ងៃ​ទី៧ ខែមិថុនា ឆ្នាំ២០១២ កន្លងទៅ បានប្រារព្ធពិធី​បិទការចាក់បញ្ចាំង​នៃវគ្គបញ្ចប់​កម្មវធី​​ទូរទស្សន៍​កោះឡាន់តា ដែលថត និងកាត់​ដោយ​​ស្នាដៃ​អ្នកបច្ចេកទេស​កម្ពុជា​សុទ្ធសាទ​ក្រោម​អធិបតីភាព លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍។

ក្រោមជំនួយ​ពីទីភ្នាក់ងារ​បារាំង​ដើម្បី​ការអភិវឌ្ឍន៏​ប្រចាំ​នៅកម្ពុជា CFC បាន​ទទួល​ជោគជ័យ​យ៉ាងខ្លាំង​ក្នុង​រយ:ពេល​តែ​២ឆ្នាំ​ប៉ុណ្ណោះ។  មជ្ឈមណ្ឌល CFC បានទាក់ទាញ​ចំណាប់​អារម្មណ៍ ផលិតករ​​បរទេស​ឱ្យមក​​ផលិត​​ភាពយន្ត របស់គេ នៅក្នុងប្រទេសកម្ពុជា ពោល​គឺមាន​កំណើន​រហូត​ដល់៤០០% បើ​ប្រៀបធៀប មុនឆ្នាំ២០០៩ តាមរយៈ​ទិន្នន័យ​ដែល ផលិត​កម្មបរទេស បាន​មក​ថត​ភាពយន្ត នៅកម្ពុជា។
នៅ​ចុងឆ្នាំ​២០១១ និង​ដើម​ឆ្នាំ២០១២ ក្រោម​ការ​ជួយជ្រោមជ្រែង និងយកចិត្តទុកដាក់​ពី មជ្ឈមណ្ឌល CFC  ផលិតកម្ម​ Adventure Line Productions នៃសាធារណរដ្ឋបារាំង ដែលផលិត កម្មវិធីទូរទស្សន៍ “Koh Lanta” នៅកម្ពុជា។ កម្មវិធីនេះ​កំពុង​មានការ​និយម​ទស្សនា ពី​ប្រជាជន​លើ​ពិភពលោក។ ដោយឡែក​គ្រាន់តែ​សាធារណ:រដ្ឋ​បារាំង​មាន​ទស្សនិកជន​ប្រមាណពី ៧ ទៅ ៨ លាននាក់​រង់ចាំ​ទស្សនា ។ ការ​ថត​កម្មវិធី​ទូរទស្សន៍​នេះ បាន​ផ្ដល់​ការងារ​ដល់​អ្នកបច្ចេកទេស​ជំនាញ​ខ្មែរចំនួន៤៥នាក់ និង១០០នាក់​ផ្សេងទៀត​ជាជនជាតិ​ខ្មែរ​តែ​មិនមែន​ជា​អ្នកអាជីព​ភាពយន្ត។
ឆ្លងកាត់ការ​យកចិត្ត​ទុកដាក់​បំពេញ​ការងារ​របស់​អ្នក​បច្ចេកទេស​ខ្មែរយើង បានធ្វើឱ្យ​ការថត​កម្មវិធី “Koh-Lanta”  ដែលមាន​រយ:ពេល​៨សប្តាហ៍ នៅកោះរ៉ុង ខេត្តព្រះសីហនុ បាន​បញ្ចប់​ទៅដោយ​ជោគជ័យ។ ដោយមាន​ការ​ពេញចិត្ត និងបាន​ស្គាល់ច្បាស់​ពីគុណភាព​ការងារ​របស់អ្នក​បច្ចេកទេស​ខ្មែរយើង​ ផលិតករ​នៃ​ផលិតកម្ម Adventure Line Productions   បានស្នើមក​មជ្ឈមណ្ឌល​ជាថ្មី ដើម្បី​សុំយក​អ្នកបច្ចេកទេស​ចំនួន២០នាក់​ទៅបំពេញ​ការងារ​ក្នុង​ប្រទេសម៉ាឡេស៊ី ដែលបច្ចុប្បន្ន​ផលិតកម្ម​ Adventure Line Productions  បាននឹង​កំពុងរៀប​ចំផលិត​កម្មវិធី “Koh-Lanta” វគ្គថ្មី​មួយទៀត​នៅប្រទេស​ម៉ាឡេស៊ី​ដែលចាប់​ដំណើរ​ការពីថ្ងៃទី ២២ ខែមីនា ដល់ថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០១២ ។
នេះជា​លើកទីមួយ​ហើយ ដែល​អ្នកបច្ចេកទេស​ខ្មែរយើង​មានកាស​ចូលរួម​បំពេញ​ការងារនៅ លើឆាក​អន្តរជាតិ​ជាមួយ​ក្រុម​ការងារ​បរទេស​ដោយបង្ហាញ​ពីសមត្ថភាព​ប្រកប​ដោយ ជំនាញ​វិជ្ជាជីវៈ​ក្នុងវិស័យ​ភាពយន្ត​ក្នុងនាម​ជាជនជាតិ​ខ្មែរដែល​បញ្ជាក់​ឱ្យឃើញ​តាមរយៈ​ទេពកោសល្យ​របស់​ពួកគេ និង​ការឆ្លងកាត់​ការ​បណ្តុះបណ្តាល​រយ:ពេលខ្លី​ជាមួយ CFC  ព្រមទាំង​ការហ្វឹកហ្វឺន​ការងារ​ផ្ទាល់​ជាមួយ​ក្រុមកាងារ​បរទេស ធ្វើឱ្យ​ប្រទេស​យើង​មាន​ធនធាន​មនុស្ស​ដែលអាច​ទុកចិត្តបាន​សម្រាប់​បំពេញ​ការងារ​ក្នុងវិស័យ​ផលិត​ភាពយន្ត​ជាមួយ​បរទេស​ទាំងក្នុង និង នៅក្រៅ​ប្រទេស។ ពួកគេ​ទាំងអស់នោះ​នឹងក្លាយជា​អ្នក​ចូលរួម​ស្ដារ និងអភិវឌ្ឍន៍​វិស័យ​ភាពយន្ត​នៅកម្ពុជា នាពេល​អនាគត​ដ៏ខ្លីខាងមុខនេះ។
កែសម្រួលអត្ថបទដោយ ៖ កុយរដ្ឋា
ចេញផ្សាយ ៖ ០៨/០៥/២០១២
ដកស្រង់ពី ៖ គេហទំព័រ Dap-News