ខេត្តឃ្លាំង មានវត្តខ្មែរចំនួន៩២វត្ត ស្ថាបត្យកម្មនៃវត្តមួយៗ ប្រកបទៅដោយលក្ខណៈ វប្បធម៌ សិល្បៈ ដ៏ពិសេសរបស់ ជនរួមជាតិខ្មែរ។ ក្រៅពីវត្ត ដែលធ្លាប់ល្បីល្បាញ ដូចជាវត្តមហាទប់ វត្តខ្លាំង វត្តដីឥដ្ឋ (ដឹកស្រែ) ខេត្តឃ្លាំង មានវត្តមួយ មានឈ្មោះល្បីរន្ទឺ ដោយក្បូរក្បាច់រចនាដែលតុបតែងឡើងអម្បែងចានបងើ្កតទៅជាស្ថាបត្យកម្មមួយ ប្រភេទដែលប្រកបទៅដោយលក្ខណៈវប្បធម៌នៃ ជនជាតិខ្មែរសុទ្ធសាធ គឺវត្តសេរីសុខុមសង្គមមានជ័យ(ស្រឡូង)។ ច្រើនឆ្នាំកន្លងមក វត្តនេះមានភ្ញៀវទេសចរណ៍យ៉ាងច្រើន ពីគ្រប់ទិសទី មកទស្សនា និងបូជាព្រះពុទ្ធ។
វត្តសេរីសុខុមសង្គម មានជ័យនៅ ឃុំដាយតឹម ស្រុកបាយឆៅ (ប្រជាជនវៀតណាមហៅស្រុក ម៉ីស្វៀង) ខេត្តឃ្លាំង ចម្ងាយពីទីក្រុងខេត្តឃ្លាំងប្រមាណ១២គីឡូម៉ែត្រ ឆ្ពោះទៅខេត្តពលលាវ។ ខ្លោងទ្វារវត្តមានរូបចម្លាក់សត្វសិង្ហពីរ ធ្វើពិស៊ីម៉ងត៍ អង្គុយលើផែនថ្មខ្ពស់ បែរមុខទៅទិសខាងកើតក្នុងឥរិយាបថយាមការពារ ខ្លោងទ្វារវត្តមានសណ្ឋានកំពូលបី ដែលប្រកបដោយក្បូរក្បាច់ រចនាប្រពៃណី។ ជាពិសេសកំពូលកណ្តាលនៃខ្លោងទ្វារមានពុទ្ធបដិមាទ្រង់គង់មួយអង្គ គួរជាទីគោរពបួជា។ ឈានចូលខាងក្នុងបរិវេណវត្ត គេឃើញាមានរូបចម្លាក់ទេព ប្រណមពីរជួរសងខាងផ្លូវ ដែលលើកហត្ថាប្រណមស្វាគមន៍។
វត្តស្រឡូងបានកសាងនៅឆ្នាំ ១៨១៥ ដោយគ្រឿងឈើប្រក់ស្លឹក។ ក្រោយពីរងគ្រោះ ព្រោះសង្គ្រាមច្រើនលើក ច្រើនសារមកនៅឆ្នាំ ១៩៦៩ វត្តបានកសាងឡើងវិញ រហូតដល់ឆ្នាំ ១៩៨២ បានសម្រេចជាស្ថាពរ។ ព្រះវិហារកសាងឡើងដោយប្រើស៊ីម៉ងត៍ដ៏រឹងមាំ ជញ្ជាំងក្រៅបិទឥដ្ឋ និងអម្បែងចាន។ តាមព្រះថេរដីការរបស់ព្រះតេជគុណ ឡឹមចាញ់ ព្រះចៅអធិការរង បានឲ្យដឹងថា នៅពេលដំណើរការសាងសង់ ដោយសារវត្តខ្វះថវិកាទិញឥដ្ឋ បិទជញ្ជាំង ហេតុនោះព្រះសង្ឈ ក៏បវារណាពុទ្ធបរិស័ទប្រគេនអម្បែងចានដើម្បីឲ្យសិប្បកម្មខ្មែរបិទ ស្អិតស្អាងជញ្ជាំងព្រះវិហារ ហើយការបិទទៀតសោត គឺមានក្បូរក្បាច់ រចនាផ្សេងៗ ដូចជាផ្កាអង្គា ផ្កាកូលាប រូបនាគ។ល។
ដូចជាវត្តខ្មែរដទៃទៀតដែរ ដំបូលវត្តស្រឡូងក៏មានបីជាន់ដែរ ដែលជាន់ខាងក្រោមធំបំផុត រីឯជាន់ខាងលើ ជាបន្តបន្ទាប់កាន់តែតូចទៅៗ ហើយខ្ពស់ត្រដឹម។ ជាន់និមួយៗមានក្បូរក្បាច់រចនាច្រើន ព្រមទាំងមានរូបចម្លាក់ជានិមិត្តរូបនៃសន្តិភាព និងការរួចចាកពីទុក្ខកង្វល់ទាំងពួង។ ខាងមុខព្រះវិហារគឺជាជញ្ជាំងដែលថ្មបានបិទដោយអម្បែងចាន រំលេចក្បូរក្បាច់គួរជាទីគយគន់ និងមានភាពវិសេសវិសាលពន់ពេកក្រៃ។ ឈានចុលខាងក្នុងព្រះវិហារគេឃើញមាន ព្រះបដិមាចំនួន២០អង្គ ទ្រង់ឈរ ទ្រង់គង់គ្រប់ឥរិយាបថ។ រីឯជញ្ជាំងជុំវិញគឺ ជាគំនូរតាមលំនាំពុទ្ធប្បវត្តិ ដែលមានចាប់តាំងពីទ្រង់ប្រសូធិ រហូតដល់ទ្រង់ចូលបរិនិព្វាន។ ខ្លោងទ្វារខាងក្រៅព្រះវិហារបានឆ្លាក់រូបនាគមួយគូរ និងសសរខាងក្រៅ ជុំវិញព្រះវិហារ មានរុបចម្លាក់កិន្នរ នៅតាមគ្រប់សសរ រីឯសសរបួនជ្រុង មានរូបក្រុឌ ដែលអាចនិយាយបានថាព្រះវិហារវត្ត ស្រឡូង គឺជាស្នាដៃកូនខ្មែរដែលបង្កើតឡើងបានជាវប្បធម៌ជនជាតិខ្មែរ យ៉ាងពិតប្រាកដ និងបានបន្សល់ទុកជាកេរ្ត៍មកឲ្យកូនខ្មែរនៅជំនន់ក្រោយ។
នៅវត្តស្រឡូង ក្រៅពីការទស្សនាស្ថាបត្យកម្មដ៏វិសេស ដូចជាព្រះវិហារជាអាទិ៍ ប្រិយមិត្ត ក៏អាចស្រូបយកអាកាស ដ៏បរិសុទ្ធក្រោមម្លប់ឈើធំៗ និងផ្ការីកស្គូសស្គាយ ក្នុងសួនបរិវេណវត្ត ទៀតផង។ នៅក្បែរគល់ឈើធំៗ នោះមានកៅអីថ្មសម្រាប់ឲ្យប្រិយមិត្តអង្គុយលំហែកាយ ពេលអញ្ជើញមកទស្សនាវត្ត ។ ជុំវិញព្រះវិហារ នៅទាំងមាន ពុទ្ធបដិមាធំ តូច គ្រប់បែប ដើម្បីប្រិយមិត្តដែលជាពុទ្ធបរិស័ទទស្សនា និងគោរបបូជាសុំសេចក្តីសុខ សេចក្តីចម្រើន។ ជាពិសេសវត្តស្រឡូង នៅទាំងមាន តុ កៅអី និងគ្រែ ដែលធ្វើពីឈើ ដ៏មានតម្លៃ ជាច្រើន។ ម៉្លោះហើយវត្តស្រឡូង ជានិច្ចកាលតែងមានភ្ញៀវជ្រើសរើសជាទីតាំងសម្រាប់ការធ្វើដំណើរទេសចរណ៍នៅពេលដែលអញ្ជើញមកខេត្តឃ្លាំងម្តងៗ៕
អត្ថបទដោយ ៖ កុយរដ្ឋា
ចេញផ្សាយ ៖ ០៩/០៦/២០១២