Ads Café Mr.Jungle

Saturday, June 9, 2012

និស្សិតកម្ពុជាទទួលមេដាយមាសពិសេស១ មេដាយមាស២ មេដាយប្រាក់២ និងមេដាយសំរឹទ្ធ៣ ពី I-ENVEX 2012 នៅរដ្ឋ Perlis ប្រទេសម៉ាឡេស៊ី

ស្រប​ទៅ​​នឹង​​គោល​​នយោបា​យ​​របស់​រាជរដ្ឋា​ភិបាល ដែល​បាននឹង​កំពុង​ដឹក​នាំ​ប្រទេស​ឲ្យ​ឆ្ពោះ​ទៅ​រក​ការអភិវឌ្ឍន៏​នៅ​លើ​គ្រប់វិស័យ​ជា​ពិសេស​គឺ​វិស័យ​អប់រំ ដើម្បី​បង្កើត​បាននូវ​ទ្រព្យនៃ​ធនធាន​មនុស្ស​សម្រាប់​ជួយស្តារ​ប្រទេស​ជាតិ​ឲ្យ​កាន់​តែ​រីកចំរើន​ទៅមុខ​ជានិរន្ត។

ការជួបជុំ​គ្នា​រវាងនិស្សិត​ទាំងអស់​មកពីបណ្ដាប្រទេសនានា
ដោយ​ឡែក​នៅ​ថ្ងៃ​ទី២៥ខែមេសា​ឆ្នាំ​២០១២សាស្ដ្រាចារ្យ និងនិស្សិត​នៃ​សាកលវិទ្យាល័យ​ន័រតុន​ផ្នែក​កុំព្យូទ័រ​ផ្នែក​អគ្គិសនី និងអេឡិចត្រូឡិចត្រូនិចព្រមទាំង​ផ្នែក​ស្ថាបត្យកម្ម បាន​ធ្វើដំណើរ​ទៅកាន់​ប្រទេសម៉ាឡេស៊ី ដើម្បី​ចូលរួម​ការតាំងពិព័ណ៌ថ្នាក់អន្ដរជាតិ សម្រាប់អ្នក​ស្រាវជ្រាវ​វ័យក្មេង (International Engineering Invention Innovation Exhibition) នៅរដ្ឋPerlis នៃ​ប្រទេស​ម៉ាឡេស៊ី។ ការតាំងពិព័ណ៌នេះមានរយៈពេលបី​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី២៧ ដល់​ថ្ងៃ​ទី២៩​ខែមេសា​​ឆ្នាំ​២០១២ ដែល​មានការ​ចូលរួម​ពីសំណាក់ប្រទេសចំនួន១៤​នៅលើ​ពិភពលោក ដែល​រួមមាន​ប្រទេស​​ក្នុង​ទ្វីបអាស៊ីប្រទេស​ក្នុង​ទ្វីបអឺរ៉ុប​ក៏​ដូចជា​ប្រទេស​ក្នុង​ទ្វីបអាមេរិកផងដែរ ដែល​មានជាង៣០០ Projects ចូលរួម​ក្នុង​ព្រឹត្ដិការណ៍នេះ។ លោកសាស្ដ្រាចារ្យបណ្ឌិត គីឡេង ប្រធាន​ផ្នែក​ស្រាវជ្រាវ​នៃ​មហាវិទ្យាល័យ​វិទ្យាសាស្ដ្រ​នៃសាកលវិទ្យាល័យន័រតុន បានដឹកនាំក្រុមនិស្សិត​សិក្សា​ស្រាវជ្រាវ​ដែល​មានសាស្ដ្រាចារ្យចំនួន៨រូប និងនិស្សិតចំនួន១៥រូប ជាមួយនឹង Projects ចំនួន ៧ ដើម្បី​ចូលរូមតាំងពិព័ណ៌នេះ។ បន្ទាប់ពីការតាំងពិព៌ណ៍​ត្រូវបាន​បព្ចាប់លទ្ធផលជាវិជ្ជមាន និងគួរ​ជាទី​មោទននោះរួមមានមេដាយមាសពិសេសចំនួន ១, មេដាយមាសចំនួន២, មេដាយប្រាក់​ចំនួន២, និងមេដាយសំរឹទ្ធចំនួន៣ ។ នេះជាមោទនភាពមួយសម្រាប់និស្សិត​ខ្មែរ ដែល​ត្រឡប់​មកកាន់​មាតុ​ប្រទេសវិញជាមួយនឹងជ័យជំនះជាទីគាប់ចិត្ដលើការតាំងពិព័ណ៌ថ្នាក់អន្ដរជាតិ។
សកម្មភាពរបស់និស្សត​ដែល​កំពុង​ពន្យល់និង​បង្ហាញ​អំពីProjectរបស់ខ្លួនទៅកាន់ទស្សនិជន​ដែល​ចាប់អារម្មណ៍​ទៅលើ Project នេះ
ក្នុងនាម​ជា​ពលរដ្ឋ​ខ្មែរ យើង​ពិតជា​មាន​មោទនភាពចំពោះ​ស្នាដៃ​ដែល​កូនខ្មែរ​យើងកំពុង​ទទួលបាននេះណាស់ ហើយនិង​សូម​អំពាវនាវ​ដល់​កូនខ្មែរ​គ្រប់រូប​ឲ្យ​ខិតខំ​ប្រឹងប្រែង​សិក្សា​ស្រាវជ្រាវ និង​ជៀស​ឲ្យឆ្ងាយ​ពី​គ្រឿងញៀន ដើម្បី​​បង្កើន​នូវ​សមតិភាព​ផ្ទាល់ខ្លួន និង​ដើម្បី​ចូលរួម​អភិវឌ្ឍន៍​ជាតិ​​ឲ្យ​កាន់​​តែ​រីកចំរើន​​ទៅមុខ​ជាលំដាប់៕
អត្ថបទដោយ ៖ កុយរដ្ឋា
ចេញផ្សាយ ៖ ០៩/០៦/២០១២


សូមចូលរួម​បញ្ចេញ​មតិចំពោះ ៖  និស្សិតកម្ពុជាទទួលមេដាយមាស.....
វិធាន ​នៃ​ការ​បញ្ចេញ​ មតិ