មនុស្សភាគច្រើន
តែងនិយមពិសាកាហ្វេជាប្រចាំ មិនថាពេលព្រឹក ឬក៏ថ្ងៃនោះទេ ព្រោះគេយល់ថា
ការពិសាកាហ្វេជួយឲ្យអារម្មណ៍ស្រស់ថ្លា និងបំបាត់ការងងុយគេង។ ប៉ុន្តែតើអ្នកដឹងទេថា តើកាកកាហ្វេដែលអ្នកតែងបោះចោលនោះ
ផ្តល់ប្រយោជន៍អ្វីខ្លះសម្រាប់អ្នក? ហើយខាងក្រោមជាគុណសម្បត្តិរបស់កាកកាហ្វេ
ដែលអ្នកមិនដែលទទួលជ្រាបពីមុនមក៖
១)
ដុសខាត់៖ កាកកាហ្វេ អាចឲ្យអ្នកយកមកដុសខាត់រាងកាយបាន យ៉ាងមានប្រសិទ្ធភាព។
ការត្រដុសស្បែកជាមួយនឹងកាកកាហ្វេ ជួយកច្ចាត់កោសិកាស្បែកងាប់
និងបន្សល់ទុកតែស្បែកស្រស់ថ្លាតែប៉ុណ្ណោះ។ ក្នុងនោះដែរ វិធីអនុវត្ត
អ្នកគ្រាន់តែយកកាហ្វេ លាយជាមួយនឹងទឹកក្តៅឧណ្ឌៗ ឬប្រេងធម្មជាតិ ប្រេងដូង
ដើម្បីឲ្យការដុសខាត់ស្បែក មានភាពរលោង
ស្រួល។
ហើយអ្នកត្រូវដុសនៅលើស្បែក ជារាងរង្វង់ថ្នមៗ ហើយចាំលាងទឹកចេញ។
២)
កច្ចាត់នូវសាច់ខ្លាញ់ធ្លាក់(Cellulite)៖ ម៉ាស្សាដោយលាយបញ្ចូលជាមួយនឹង កាកកាហ្វេ និងដូង
ហើយលាបត្រង់កន្លែងដែលមានបញ្ហា។ ទុកចោល២ ទៅ៣នាទី ចាំលាងទឹកចេញ។
ព្យាយាមអនុវត្តវិធីនេះ ជារៀងរាល់ថ្ងៃ រយៈពេល២សប្តាហ៍ ហើយអ្នកអាចកត់សម្គាល់បានថា
នឹងឃើញមានភាពខុសប្លែក។
៣)
ហើមក្រោមភ្នែក៖ កាកកាហ្វេ ត្រូវបានគេដឹងថា អាចកច្ចាត់នូវការហើមក្រោមភ្នែក
និងជួយឲ្យចុះអន់ថយ នៃការលេចឡើងរង្វង់ខ្មៅក្រោមភ្នែកផងដែរ។ វិធីងាយៗ
គ្រាន់តែអ្នកលាយកាកកាហ្វេ ជាមួយទឹកបន្តិច ហើយលាបនៅតំបន់ដែលអ្នកគិតថាហើមនោះ
និងទុកវាចោល១៥នាទី។
៤)
លុបស្នាមឆូត នៅលើគ្រឿងសង្ហាររឹមរបស់អ្នក៖ លាយកាកកាហ្វេ ជាមួយនឹងទឹកខ្មេះ
និងទឹកក្តៅឧណ្ឌៗ រួចដុសខាត់វា នៅកន្លែងដែលមានស្នាមឆូតនោះ។
ប្រើសំឡីត្បារត្រចៀកស្តើងៗ និងកោសថើរៗ។
៥)
សម្អាតចង្អើរអាំងសាច់៖ កាកកាហ្វេ អាចជួយកច្ចាត់នូវកំណកខ្លាញ់បាន។ វិធីងាយៗគ្រាន់តែ
យកកាកកាហ្វេ ដាក់ក្នុងចានដែក ព្យាយាមដុសខាត់ចង្អើរអាំងសាច់របស់អ្នក
និងទុកវាចោលរយៈពេល១ម៉ោង ចាំលាងចេញជាមួយនឹងទឹកក្តៅឧណ្ឌៗ។ ដោយសារតែកាហ្វេ
ជាជាតិអាស៊ីតពីធម្មជាតិ ទើបវាធ្វើការល្អ ក្នុងការលាងសម្អាតជាតិខ្លាញ់។
៦)
ក្លិនអាក្រក់ក្នុងទូរទឹកកក៖ អ្នកអាចប្រើប្រាស់បាន ជាមួយនឹងកាកកាហ្វេ
ដែលវាអាចជួយឲ្យទូរទឹកកកមានក្លិនប្រសើរឡើង ដូចជាក្លិនឈ្ងុយពីកាហ្វេ
និងស្រូបយកក្លិនអាក្រក់បាន ក្នុងពេលតែមួយផងដែរ។ វិធីអនុវត្ត
យកកាកកាហ្វេដាក់ក្នុងចានគោម រួចដាក់ឲ្យចំកណ្តាលនៃទូរទឹកកករបស់អ្នក។
៧)
លែងកកស្ទះកន្លែងលាងចាន៖ ប្រសិនបើបំពង់បង្ហូរទឹករបស់អ្នកកកស្ទះ
អ្នកអាចយកកាកកាហ្វេចាស់ៗ សាប៊ូរាវ និងចាក់ទឹកក្តៅចូលជាការស្រេច។
អ្នកគ្រាន់អនុវត្តតាមវិធីនេះ ភាពកកស្ទះ នៅកន្លែងលាងចានរបស់អ្នកនឹងទៅឆ្ងាយ។
៨)
កច្ចាត់នូវក្អែលនៅលើ ឥដ្ឋ និងផ្ទះបាយ៖ កាកកាហ្វេ លាយជាមួយនឹងសាប៊ូ
ជាអ្នកសម្អាតដ៏ល្អបំផុត ក្នុងការកច្ចាត់នូវក្អែល ដែលពិបាកលាងសម្អាត។
៩)
ការពារសត្វល្អិតកុំឲ្យមកជិត៖ ការពារដំណាំរបស់អ្នក ដោយយកកាកកាហ្វេ
លាយជាមួយនឹងសំបកក្រូចស្ងូត ដាក់ជុំវិញ។ ចំពោះសារធាតុកាហ្វេអ៊ីន នៅក្នុងកាកកាហ្វេ
អាចជឿបានថា អាចឲ្យសត្វល្អិតតូចៗ ចេញឆ្ងាយបាន ហើយក៏អាចការពារសូម្បីតែឆ្មាពីខាងក្រៅ
ដែលចង់ចូលមកជីកកកាយ ជិតសួនច្បាររបស់អ្នកផងដែរ។
១០)
លាងសម្អាតដៃ៖ ចំពោះកាកកាហ្វេអាចជួយ ដុសលាងសម្អាតដៃរបស់អ្នកបានយ៉ាងល្អផងដែរ
ដោយគ្រាន់តែអ្នកយកវា លាយជាមួយទឹក។ ជាពិសេសកាកកាហ្វេ អាចដុសខាត់ស្បែកស្ងួតរបស់អ្នក
ហើយថែមទាំងជួយបំបាត់ក្លិនឆ្អាបពីសាច់ រឺត្រីជាដើម ពីការចម្អិនអាហារបានទៀតផង។
១១)
ដុះលូតលាស់ការ៉ុតបានល្អ៖ បើអ្នកចង់បាន ការ៉ុតដែលដុះលូតលាស់ គឺកាកកាហ្វេអាចជួយបាន
ដោយគ្រាន់តែយកវា ទៅលាយជាមួយនឹងគ្រាប់ពូជការ៉ុត។ ការធ្វើបែបនេះ
វានឹងជួយឲ្យការ៉ុតរបស់អ្នកលូតលាស់ធំបានល្អ។
១២)
បន្ទាប់ពីចិតខ្ទឹមបារាំងរួច៖ វិធីងាយៗ ដោយប្រើប្រាស់កាកកាហ្វេ ដាក់លើដៃរបស់អ្នក
បន្ទាប់ពីអ្នកចិតខ្ទឹមបារាំងរួច
ព្រោះថាវានឹងជួយឲ្យបាត់នូវក្លិនឆួលពីខ្ទឹមបារាំងបាន។
១៣)
លាងជម្រះខោរបស់អ្នក៖ កាកកាហ្វេ អាចជួយលាងជម្រះនូវភាពប្រឡាក់ចេញពីខោរបស់អ្នក
បានដោយងាយស្រួល។ ហើយក្នុងនោះដែរ សំណឹកពីធម្មជាតិ នៃកាកកាហ្វេ
នឹងអាចកោសចេញនូវស្នាមប្រឡាក់យ៉ាងល្អ។
១៤)
លាបពណ៌៖ លាយកាកកាហ្វេ ជាមួយនឹងទឹក( ប្រើប្រាស់ដោយបរិមាណកាកកាហ្វេខុសគ្នា
ជាមួយនឹងកម្រិតនៃជាតិទឹក) ដែលវាជាវិធីងាយស្រួល ក្នុងលាបពណ៌រូបភាព ជាពណ៌សូកូឡា។
១៥)
កច្ចាត់ចៃឆ្កែ៖ នៅពេលអ្នកងូតទឹក ឲ្យសត្វចិញ្ចឹមដូចជា ឆ្កែ រឺក៏ឆ្មា
បន្ទាប់ពីអ្នកកក់សាប៊ូ ឬក៏មុននឹងលាងជម្រះ អ្នកគួរតែយកកាកកាហ្វេ ដាក់លើរោមពួកសត្វចិញ្ចឹមរបស់អ្នក។
ទាំងនេះជាអត្ថប្រយោជន៍
ដ៏ច្រើនលើសលប់ របស់កាកកាហ្វេ ដែលភាគច្រើនប្រិយមិត្តមិនដែលធ្លាប់ដឹង។ ដូច្នេះ
ក្រោយពីអ្នកដឹងពីគុណសម្បត្តិរបស់កាកកាហ្វេហើយ អ្នកអាចយកវាទៅប្រើការ
ក្នុងសកម្មភាពប្រចាំថ្ងៃរបស់អ្នកបាន តាមការគួរ៕