តូក្យូ បានក្លាយជាទីក្រុង ដែលមានការចំណាយថ្លៃជាងគេបំផុតក្នុងលោក សម្រាប់បុគ្គលិកបរទេសក្នុងការរស់នៅ។ នេះបើយោងតាមការស្រាវជ្រាវមួយរបស់ក្រុមហ៊ុនប្រឹក្សា Mercer។ ការកើនឡើងនៃតម្លៃប្រាក់យ៉េន ធ្វើឲ្យតម្លៃរស់នៅក្នុងប្រទេសនេះកើនឡើងខ្ពស់។

ទន្ទឹមនឹងនេះវិបត្តិក្នុងតំបន់អឺរ៉ូដែលធ្វើឲ្យរូបិយប័ណ្ណអឺរ៉ូរង្គោះរង្គើបានធ្វើឲ្យទីក្រុងជាច្រើនដូចជា ប៉ារីស រ៉ូម អាស្ត៊ែរដាំ ធ្លាក់ចំណាត់ថ្នាក់ទាបជាងមុន។ ការធ្លាក់ចុះនៃប្រាក់ខែ និងកំណើនភាពអត់ការងារធ្វើក្នុងប្លុកប្រទេសអឺរ៉ូបានធ្វើឲ្យ តម្លៃរស់នៅក្នុងប្រទេសនេះធ្លាក់ចុះផងដែរ។ ចំណែកក្រុងឡុងដ៍ របស់ប្រទេសអង់គ្លេសវិញ ក៏បានធ្លាក់ចំណាត់ថ្នាក់មកនៅត្រឹមលេខ ២៥ ដោយថយចុះ ៧ ចំណាត់ថ្នាក់។ ការសិក្សាស្រាវជ្រាវនេះ ធ្វើឡើងក្នុងទីក្រុងធំៗ ចំនួន ២១៤ ជុំវិញ ពិភពលោក។
តាមក្រុមហ៊ុនស្រាវជ្រាវដដែលឲ្យដឹងថា តម្លៃការស្នាក់នៅជាតម្លៃដែលធំជាងគេក្នុងការរស់នៅគឺស្មើនឹង ២៥% នៃការចំណាយសរុប បន្ទាប់មកគឺតម្លៃការធ្វើដំណើរ និងទំនិញ។
បន្ថែមពីនេះ ការកើនឡើងយ៉ាងរហ័សនៃសេដ្ឋកិច្ចអាស៊ី ធ្វើឲ្យតម្លៃរស់នៅនៃប្រទេសដែលមានសេដ្ឋកិច្ចធំៗក្នុងទ្វីបនេះ ហក់ឡើងខ្ពស់គួរឲ្យកត់សម្គាល់ ធ្វើឲ្យការចំណាយរបស់បុគ្គលិកបរទេសជួបនឹងការលំបាកច្រើនជាងមុន៕
បញ្ចូលដោយ ៖ កុយរដ្ឋា
ចេញផ្សាយ ៖ ២៦/០៦/២០១២
ប្រភព៖ BBC
សូមចូលរួមបញ្ចេញមតិចំពោះ ៖ តូក្យូ ជាទីក្រុងតម្លៃខ្ពស់ជាងគេ